Honda CR-V ឆ្នាំ ២០២០ បន្ថែមជម្រើស Hybrid ស៊ីសាំងតិចជាងមុនពាក់កណ្តាល
នៅទីបំផុត Honda បានបន្ថែមជម្រើសម៉ាស៊ីន Hybrid លើរថយន្ត CR-V ស៊េរីឆ្នាំ ២០២០ ជាលើកដំបូងបង្អស់សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ។
ក្រៅពីការបន្ថែមជម្រើសម៉ាស៊ីន Hybrid រថយន្ត CR-V ថ្មីក៏ទទួលបានការអាប់ដេតលើរូបរាង និង បន្ថែមបច្ចេកវិទ្យា Honda Sensing ដែលផ្តល់នូវមុខងារជំនួយការបើកបរជាច្រើនមកស្តង់ដារតែម្តង ។
Honda ក៏បានបោះបង់ចោលនូវម៉ាស៊ីនសាំងចំណុះ ២,៤ លីត្រ Naturally Aspirated ចោល ដោយបំពាក់នូវម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រវិញ សម្រាប់ CR-V ប្រើសាំងធម្មតា ។ ដោយឡែក CR-V Hybrid ប្រើម៉ាស៊ីនដូច Honda Accord Hybrid ដែរ គឺ ម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤ ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី ២ បង្កើតកម្លាំងបានសរុប ២១២ សេះ ហើយក៏ប្រើប៉ុងពីរដែរ ។
ទីភ្នាក់ងារ EPA បានបង្ហាញកម្រិតស៊ីសាំង CR-V Hybrid ថ្មី ជាមធ្យមត្រឹមតែ ៥,៣ លីត្រប៉ុណ្ណោះសម្រាប់ការបើកបរចម្ងាយ ១០០ គីឡូម៉ែត្រ ។ បើប្រៀបធៀបទៅនឹង CR-V ប្រើម៉ាស៊ីនសាំង ១,៥ Turbo ធម្មតា គឺស៊ីតិចជាងមុន ៥០% ឯណោះ ។
សូមបញ្ជាក់ថា Honda CR-V ឆ្នាំ ២០២០ នឹងចេញលក់ក្នុងឆ្នាំនេះ ខណៈ CR-V Hybrid នឹងចេញលក់នៅដើមឆ្នាំក្រោយ ៕
ប្រភព ៖ Carscoops