Nissan Patrol ឆ្នាំ ២០២០ រចនារាងថ្មី ហើយប្រើបច្ចេកវិទ្យាកាន់តែទំនើប
រថយន្ត Nissan Patrol ស៊េរីឆ្នាំ ២០២០ បានបង្ហាញខ្លួនជាផ្លូវការ ដោយទទួលបានការរចនារូបរាងថ្មី ហើយប្រើបច្ចេកវិទ្យាកាន់តែទំនើប និង រក្សាសមត្ថភាព Off-road ដ៏អស្ចារ្យដដែល ។
បើនិយាយពីការរចនា Nissan Patrol (ទីផ្សារខ្លះហៅថា Nissan Armada) នៅតែបំពាក់ប៉ាណាប្រចាំត្រកូល V-motion ជាមួយ ចង្កៀងមុខ-ក្រោយ LED រាងអក្សរ V យ៉ាងស្រស់ស្អាត ។
ដោយឡែកផ្នែកខាងក្នុង Patrol ថ្មីបានអេក្រង់ ២ នៅចំកណ្តាល ដែលអាចភ្ជាប់ជាមួយ Apple CarPlay និង Android Auto , កៅអីស្បែកថ្នេរពេជ្រ និង ដៃចង្កូតមានថ្នេរដេរដោយដៃទៀតផង ។ SUV នេះក៏បានធ្វើឱ្យប្រព័ន្ធម៉ាស៊ីនត្រជាក់កាន់តែប្រសើរជាងមុនដែរ ។
ក្រៅពីនោះ Patrol បានបន្ថែមមុខងារសុវត្ថិភាពថ្មីៗជាច្រើន រួមទាំង Intelligent Emergency Braking with Pedestrian Detection និង Intelligent Forward Collision Warning និង កញ្ចប់មុខងារ Nissan Intelligent Mobility ជាដើម ។
Nissan Patrol ប្រើម៉ាស៊ីនចំណុះ ៤,០ លីត្រ ទំហំ ៦ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៧៥ សេះ និង ម៉ាស៊ីនចំណុះ ៥,៦ លីត្រ ទំហំ ៨ ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៤០០ សេះ ។ ម៉ូដែលប្រើម៉ាស៊ីន ៨ ស៊ីឡាំង បំពាក់មុខងារ Hydraulic Body Motion Control និង ប្រព័ន្ធ All-Mode 4×4 ដែលផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ ក្នុងស្ថានភាពផ្លូវលំបាកៗ ៕
ប្រភព ៖ Carscoops