វ៉ាវ មិនវង្វេងទៀតទេ! Google Maps នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ មើលឃើញផ្លូវកំពុងជិះជាទិដ្ឋភាព 3D
នៅថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ នេះ Google Maps បានធ្វើការប្រកាសណែនាំនៅមុខងារថ្មីមួយហៅថា «Immersive View for Routes» ដែលមុខងារមួយនេះដែរ បានដាក់ចេញក្នុងទីក្រុងមួយចំនួនដែលបានកំណត់សិនប៉ុណ្ណោះ។
មុខងារថ្មី «Immersive View for Routes» នេះ នឹងនាំរាល់ព័ត៌មានដែលអ្នកប្រើប្រាស់ចង់បានក្នុងទីតាំងជាក់លាក់មួយ រួមមានព័ត៌មានលម្អិតពីដំណើរចរាចរណ៍ ផ្លូវសម្រាប់កង់ជិះ ចំណុចផ្លូវប្រសព្វគ្នា កន្លែងចតយានយន្ត រួមទាំងព័ត៌មានផ្សេងៗទៀត ក្នុងសភាពបែន 3D ត្រជាក់ភ្នែក ប្រៀបបីដូចជាកន្លែងពិតៗ។
គួរឱ្យដឹងថា មុខងារថ្មី «Immersive View for Routes» នឹងចាប់ផ្ដើមដាក់ឱ្យប្រើប្រាស់នៅពេលប៉ុន្មានខែខាងមុខនេះ ក្នុងទីក្រុងចំនួន ១៥ រួមមាន ទីក្រុង Amsterdam, Berlin, Dublin, Florence, Las Vegas, London, Los Angeles, Miami, New York, Paris, San Francisco, San Jose, Seattle, Tokyo និង Venice។ មុខងារនេះដែរ នឹងដាក់ឱ្យប្រើប្រាស់បានទាំងលើ Android និង iOS៕