ព្រឹត្តិការណ៍ប្រវត្តិសាស្ររបស់កម្ពុជា៖ ការប្រកួត Esports ក្នុងអាស៊ានប៉ារ៉ាហ្គេមដំបូងបំផុត នឹងចាប់ផ្ដើមការប្រកួតថ្ងៃទី ៤ និង ៥ មិថុនានេះ ដោយមានការចូលរួមពី ៤ ប្រទេស
ភ្នំពេញ ៖ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី 12 នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយរបស់កម្ពុជា នោះគឺការក្លាយជាប្រទេសដំបូងដែលជាអ្នកដាក់បញ្ចូលវិញ្ញាសាកីឡាអេឡិចត្រូនិក (Esports) ចូលទៅក្នុងវិញ្ញាសាប្រកួតរបស់កម្មវិធី ប្រកួតកីឡាជនពិការធំបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍។ វិញ្ញាសាប្រកួតនេះនឹងមានការចូលរួមពី 4 ប្រទេស ដែលមានដូចជា៖ កម្ពុជា, ម៉ាឡេស៊ី ,ហ្វីលីពីន និង ថៃ។ ការប្រកួតនេះនឹងធ្វើឱ្យពួកគេអាចបង្ហាញជំនាញ សមត្ថភាពរបស់ពួកគេក្នុងវិស័យ ឌីជីថលនេះ ដោយគ្មានឧបសគ្គ។
ការប្រកួតកីឡា Esports វិញ្ញាសា Mobile Legends: Bang Bang (MLBB) ក្នុងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ 2023 នឹងត្រូវបានរៀបចំឡើងដោយ ក្រុមហ៊ុនធីមធូ (Team Two) រួមជាមួយគណៈកម្មាធិការរៀបចំការ ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC)។
ការប្រកួតនឹងធ្វើឡើងនៅ សាល NABA ក្នុងសណ្ឋាគារ NagaWorrld2 រយៈពេល 2 ថ្ងៃ គឺថ្ងៃទី 4 មិថុនាក្នុងវគ្គចែកពូល (Group Stage) និងនៅថ្ងៃទី 05 មិថុនា ក្នុងវគ្គជម្រុះ (Playoffs)។ សំបុត្រចូលរួមទស្សនានឹងចាប់ផ្ដើមចែកជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី 01 មិថុនារ ហូតដល់ថ្ងៃទី 03 មិថុនា 2023 នេះ នៅរោងភាពយន្តលេជេនទាំង 3 សាខា រួមមាន ៖ លេជេន អេដេន លេជេន លេជេន មានជ័យ និង លេជេន ទួលគោក (សំបុត្រមានកំណត់ សម្រាប់មនុស្សម្នាក់អាចទទួលបានទៅដល់ 3 សំបុត្រ)។
គិតមកដល់ថ្ងៃទី 1 មិថុនានេះ អត្តពលិកប៉ារ៉ា តំណាងប្រទេសថៃ និង ប្រទេសម៉ាឡេស៊ីបានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជារួចរាល់ ដើម្បីត្រៀមខ្លួនក្នុងការប្រកួតនាពេលខាងមុខនេះ។ ដោយឡែកអត្តពលិកប្រទេសហ្វីលីពីននឹងមកដល់ដល់ព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី 1 មិថុនា ឆ្លងចូល 2 មិថុនាខាងមុខនេះ ដើម្បីចូលរួមប្រកួតប្រជែងផងដែរ។
ការដាក់បញ្ចូលកីឡា Esports នៅក្នុងអាស៊ានប៉ារ៉ាហ្គេម គឺជាការបោះជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ដោយបញ្ជាក់ពីការកើនឡើងនៃការទទួលស្គាល់ ការបើកបង្ហាញ ពីកីឡាអេឡិចត្រូនិក ដោយមិនមានការរារាំង គ្មានការកំណត់ពី ជាតិសាសន៍ សាសនា ឬ ពិការភាពនោះទេ។
ការផ្តួចផ្តើមរបស់ប្រទេសកម្ពុជា នៃការដាក់បញ្ចូល កីឡា Esports ក្នុងអាស៊ានប៉ារ៉ាហ្គេម ដ៏អស្ចារ្យនេះគឺប្រៀបដូចជាការបើកផ្លូវមួយសម្រាប់អត្តពលិក ប៉ារ៉ាឈានចូលទៅក្នុងវិស័យឌីជីថល ដោយឱ្យពួកគាត់អាចបង្ហាញពីទេពកោសល្យ និង ការប្រកួតប្រជែងរបស់ខ្លួននៅលើឆាកអន្តរជាតិបាន។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា ជាអ្នកផ្ដួចផ្ដើមនេះ នឹងត្រូវបានគេលើកនិយាយឡើងគ្រប់ពេលដែល អាស៊ានប៉ារ៉ាហ្គេមបានប្រារព្ធធ្វើឡើង។
ព័ត៌មានបន្ថែមទាក់ទង និង ការឧបត្ថម្ភនានា សូមទាក់ទងទៅ អ្នកស្រី ហាក់ សំបូរ នាយកប្រតិបត្តិនៃក្រុមហ៊ុនធីមធូ (TEAM Two) តាមរយៈលេខទូរស័ព្ទ 093 933 999 ឬ អ៊ីម៉េល ៖ bo@team2.asia៕