អស់ស្ទះ! ឌូបៃ គ្រោងសាងសង់កសិដ្ឋានទំនើបធំជាងគេលើលោក អាចដាំបន្លែបាន ៣ លានគីឡូក្នុងមួយឆ្នាំៗ
កសិដ្ឋានទំនើបដ៏ខ្ពស់ និង ធំបំផុតលើពិភពលោក គ្រោងនឹងសាងសង់ឡើងនាទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ក្នុងក្ដីរំពឹងថានឹងដាំដុះបានទិន្នផលបន្លែរហូតដល់ ៣ លានគីឡូក្រាមក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ កសិដ្ឋានទំនើបដ៏ធំបំផុតលើពិភពលោក មានទំហំប្រមាណ ៣១ ០០០ ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅព្រលានយន្តហោះអន្តរជាតិ AI Maktoum នាក្រុងឌូបៃ ដែលអាចផលិតបន្លែបានជាង ១ លានគីឡូក្រាមរៀងរាល់ឆ្នាំ។ យ៉ាងណាមិញ តំណែងមួយនេះអាចនឹងត្រូវបានជំនួស ដោយនៅផ្នែកមួយទៀតនៃទីក្រុងទំនើបនេះ ខាង Food Technology Valley កំពុងតែគ្រោងសាងសង់កសិដ្ឋានដែលមានទំហំធំជាងនោះ។
ជាក់ស្ដែង បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បានឱ្យដឹងថា កសិដ្ឋានទំនើបដ៏ធំនោះ ត្រូវបានហៅថា GigaFarm ដែលនឹងសាងសង់ក្នុងកម្ពស់ ១២ ម៉ែត្រ និងទំហំ ៨៣ ៦១២ ម៉ែត្រការ៉េ។ ក្រៅពីមានទំហំធំជាងគេហើយនោះ កសិដ្ឋាន GigaFarm ក៏នឹងធ្វើការដាំដុះបន្លែលក្ខណៈធម្មជាតិទៀតផង ដោយពួកគេនឹងប្រើប្រាស់បច្ចេកវិទ្យាមួយចំនួន ក្នុងការបម្លែងកាកសំណល់ដូចជា កាកសំណល់អាហារ និង កាកសំណល់រាវ ឱ្យទៅជា ជី ជាចំណីសត្វ ជាថាមពល និង ទឹកស្អាតសម្រាប់ប្រើប្រាស់។ ពួកគេ នឹងសន្យាថានឹងជួយកាត់បន្ថយចំហេះកាបូនក្នុងការផលិតអាហារនេះ រួមទាំងរំពឹងថានឹងអាចដាំដុះបន្លែរហូតដល់ ៣ លានគីឡូក្រាមក្នុងមួយឆ្នាំៗ។
គួរឱ្យដឹងផងដែរថា គម្រោងសាងសង់កសិដ្ឋានទំនើប GigaFarm អាចនឹងចំណាយថវិកាប្រមាណ ៣២៧ លានដុល្លារ ដោយរំពឹងនឹងចាប់ផ្ដើមការសាងសង់ក្នុងឆ្នាំនេះ និងអាចរួចរាល់ដំណើរការបានក្នុងឆ្នាំ ២០២៦ ខាងមុខ៕