ដឹងការពិត! មកពីបញ្ហានេះ ទើបធ្វើឱ្យគាំងសេវាកម្មអាកាសយានដ្ឋាន និង ប្រព័ន្ធទូទាត់ប្រាក់ ជុំវិញពិភពលោក
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងពីបញ្ហារបស់អ្នកប្រើប្រាស់ Windows PC ដែលបានបង្កផលប៉ះពាល់មួយចំនួនដល់ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យា ដូចជា សេវាកម្ម នៅអាកាសយានដ្ឋាន ប្រព័ន្ធទូទាត់ប្រាក់ មជ្ឈមណ្ឌលទិញទំនិញ សេវាសង្គ្រោះបន្ទាន់ និង បណ្តាញទូរទស្សន៍ ជុំវិញពិភពលោក។
ខាងនាយកដ្ឋានបានបញ្ជាក់ឱ្យបានដឹងថា មានរបាយការណ៍មកពីជុំវិញពិភពលោកនៃអ្នកប្រើប្រាស់ Windows PC ដែលកំពុងជួបប្រទះ Blue Screen Of Death ដែលគេស្គាល់ថាជា (BSOD) ខណៈកំហុសនេះ បានកើតឡើងបន្ទាប់ពីអ្នកប្រើប្រាស់ធ្វើការអាប់ដេត (Update) ចុងក្រោយបំផុត ចំពោះសេវាកម្មរបស់ពួកគេប្រើប្រាស់ ដោយក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត CrowdStrike ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
បញ្ហានេះផងដែរ បានបង្កផលប៉ះពាល់មួយចំនួនដល់ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាដូចជា សេវាកម្មនៅអាកាសយានដ្ឋាន ប្រព័ន្ធទូទាត់ប្រាក់ មជ្ឈមណ្ឌលទិញទំនិញ សេវាសង្គ្រោះបន្ទាន់ និង បណ្តាញទូរទស្សន៍ ជុំវិញពិភពលោក។ បច្ចុប្បន្នក្រុមហ៊ុន CrowdStrike បានដាក់ពង្រាយការអាប់ដេតខ្លឹមសារថ្មី ដែលដោះស្រាយបញ្ហាអាប់ដេត (Update) ដែលមានកំហុសពីមុន៕