ចែកគ្នាប្រយ័ត្ន! អ្នកប្រើកំសៀវទឹកអគ្គិសនី ឃើញស្រួលដាំមួយភ្លែតពុះឆុរ តែបើប្រើមិនត្រូវក្បួនអាចអាយុខ្លី
កំសៀវទឹកក្ដៅអគ្គិសនី អាចចាត់ចូលជាវត្ថុសំខាន់មួយដែលក្រុមគ្រួសារមួយចំនួនមិនអាចខ្វះបានក្នុងផ្ទះបាយ។ ឧបករណ៍មួយនេះគឺផ្ដល់ភាពងាយស្រួលបានច្រើនសម្រាប់អ្នកដែលចង់បានទឹកក្ដៅប្រើប្រាស់ទាន់ចិត្តសម្រាប់ការឆុងតែ ឆុងកាហ្វេ ឬ ឆុងមី ជាដើម ដោយវាចំណាយពេលតិចក្នុងការចម្អិនទឹកជាជាងការប្រើប្រាស់កំសៀវដាំលើចង្ក្រានធម្មតា។
យ៉ាងណាមិញ មនុស្សមួយចំនួនអាចនឹងប្រើប្រាស់ឧបករណ៍អគ្គិសនីមួយនេះដោយមិនត្រឹមត្រូវនោះឡើយ ដែលជាហេតុអាចបណ្ដាលឱ្យអត្តប្រយោជន៍នៃឧបករណ៍នេះកែប្រែទៅជាហានិភ័យចំពោះសុខភាពទៅវិញ។ ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការជ្រើសរើស និង ប្រើប្រាស់បំពង់ទឹកក្ដៅអគ្គិសនីដោយត្រឹមត្រូវ និង មិនបង្កជាហានិភ័យដល់សុខភាព៖
១. ជ្រើសរើសកំសៀវទឹកក្ដៅដែលមានគុណភាពល្អ
ជាធម្មតា បំពង់ទឹកក្ដៅអគ្គិសនីគឺច្នៃចេញពីដែកអ៊ីណុក ប៉ុន្តែមិនមែនរាល់ដែកអ៊ីណុកសុទ្ធតែសុវត្ថិភាពចំពោះសុខភាពនោះទេ។ ប្រសិនបើបំពង់ទឹកក្ដៅប្រើប្រាស់ដែកអ៊ីណុកមានគុណភាពមិនល្អ នោះពេលដែលដាំទឹកសារធាតុលោហៈធ្ងន់អាចនឹងបញ្ចេញមក និង អាចបង្កហានិភ័យដល់សុខភាពអ្នកប្រើប្រាស់បាន។ ដូច្នេះគួរណាស់តែជ្រើសរើសទិញបំពង់ទឹកក្ដៅអគ្គិសនីណាដែលច្នៃចេញពីដែកអ៊ីណុកដែលល្អ និង មិនបង្កការប៉ះពាល់ដល់សុខភាព។
២. អនុវត្តតាមការប្រើប្រាស់ឱ្យបានត្រឹមត្រូវ
ការប្រើបំពង់ទឹកក្ដៅអគ្គិសនីដែលត្រឹមត្រូវគឺត្រូវចាក់ទឹកចូលបំពង់ជាមុន ទើបយកទៅដោតភ្លើងតាមក្រោយ។ ចំពោះការដោយឌុយភ្លើងជាមុន រួចទើបចាក់ទឹកចូលតាមក្រោយ គឺបង្កហានិភ័យខ្លាំងណាស់ ព្រោះថាប្រសិនបើកំសៀវមិនមានទឹក ហើយដោតភ្លើងមុន វាអាចធ្វើឱ្យកំសៀវឡើងកម្ដៅខ្លាំងងាយនឹងឆាប់ខូច ហើយមួយវិញទៀតវាក៏បង្កើនហានិភ័យនៃការផ្ទុះឆេះផងដែរ។
៣. កុំចាក់ទឹកលើសកម្រិតដែលកំណត់
ធម្មតា បំពង់ទឹកក្ដៅអគ្គិសនីគឺមានកម្រិតកំណត់បរិមាណទឹកនៅខាងក្នុង ដូច្នេះហើយកុំចាក់ទឹកឱ្យលើសកម្រិតកំណត់នោះឱ្យសោះ ព្រោះវាអាចឱ្យទឹកពុះហៀរចេញមកក្រៅប៉ះខ្សែភ្លើងបង្កជាការឆក់បាន។ មួយវិញទៀត វាក៏អាចបង្កជាការរលាកដល់អ្នកដែលដើរក្បែរបំពង់ទឹកពេលទឹកពុះហៀរផងដែរ។
៤. ពេលដាំទឹកត្រូវមើលកុំឱ្យកំសៀវទឹករីងស្ងួត
ពេលដាំទឹករួចកុំចាក់ទឹកចេញពីបំពង់អស់ភ្លាមៗ ព្រោះថាបំពង់ទឹកក្ដៅអគ្គិសនីទោះពេលដកភ្លើងចេញហើយក៏នៅតែមិនទាន់ត្រជាក់ភ្លាមៗនោះដែរ។ ដូច្នេះគួរទុកទឹកឱ្យសល់ខ្លះក្នុងបំពង់ ដើម្បីជួយឱ្យបំពង់ងាយចុះកម្ដៅ។ យ៉ាងណាមិញ បើចង់ចាក់ទឹកយកទាំងអស់ គួរណាស់ទុកទឹកឱ្យត្រជាក់ចុះបន្តិចសិន សឹមចាក់យក។ ចំពោះកំហុសមួយទៀតដែលមនុស្សភាគច្រើនមើលរំលង គឺពេលដែលដាំទឹកពុះហើយស្រាប់តែទុកទឹកឱ្យត្រជាក់ត្រាំចោលក្នុងកំសៀវរាប់ថ្ងៃ។ ការធ្វើបែបនេះគឺអាចធ្វើឱ្យសារធាតុកាល់ស្យូមប្រមូលផ្ដុំបង្កឱ្យខូចបំពង់អគ្គិសនី។
៥. លាងសម្អាតកំណកបាតកំសៀវជាប្រចាំ
ក្រោយការប្រើប្រាស់ នៅបាតកំសៀវនឹងមានកំណកកកក្រោមនោះ។ កំណកទាំងនេះមិនត្រឹមតែធ្វើឱ្យគុណភាពពុះកាត់បន្ថយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប៉ះពាល់ដល់គុណភាពទឹក និង សុខភាពអ្នកប្រើប្រាស់ផងដែរ។ ចំពោះការលាងសម្អាត អ្នកគួរយកទឹកដាំពុះលាយជាមួយទឹកខ្មេះ ក្រូចឆ្មា ឬ សំបកក្រូច ទុករយៈពេល ១០ ទៅ ៣០ នាទី មុនលាងជម្រះចេញ។
៦. ពិនិត្យមើលខ្សែភ្លើងឱ្យបានល្អមុនប្រើប្រាស់
ជាចំណុចមួយគួរប្រុងប្រយ័ត្ន ដោយមុននឹងប្រើប្រាស់គួរណាស់ពិនិត្យមើលខ្សែភ្លើងឱ្យបានត្រឹមត្រូវល្អ ព្រោះថាបើយកមកប្រើមានសភាពសើម វាអាចបណ្ដាលឱ្យឆក់បាន។ គួរពិនិត្យឱ្យបានត្រឹមត្រូវ ជូតឱ្យស្ងួតទឹកមុនប្រើប្រាស់ដើម្បីធានាសុវត្ថិភាពអាយុជីវិតខ្លួន៕
ប្រភព៖ VN Express