តារាចម្រៀងប្រុស ៦ រូប ពូកែដាក់ឈ្មោះឱ្យកូនៗណាស់ ពីរោះប្លែក
ជាការពិតណាស់ មហាជននិយមតាមដានជីវិតរបស់សិល្បករ សិល្បការិនី មិនត្រឹមតែចង់ដឹងនូវរឿងរ៉ាវសិល្បៈរបស់ Idol ក្នុងតែម្យ៉ាងទេ ពោលគឺសូម្បីតែរឿងឯកជន ក៏អ្នកគាំទ្ររមែងចង់ដឹងខ្លាំងណាស់។ ជាក់ស្តែង ពាក់ព័ន្ធនឹងម្ចាស់បេះដូង គូជីវិត និង កូនៗរបស់ Idol តែម្តង។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវរឿងរ៉ាវរបស់តារាប្រុសចំនួន ៦ រូប ដែលពូកែដាក់ឈ្មោះកូនប្រុសស្រីយ៉ាងពីរោះ ហើយមិនជាន់នឹងអ្នកណាឡើយ៖
១. តារាចម្រៀង ព្រាប សុវត្ថិ
ឧកញ៉ា ព្រាប សុវត្ថិ អាចចាត់ទុកថាជាតារាចម្រៀងមួយរូប មិនត្រឹមតែល្បីតែឪពុកនោះទេ គឺសូម្បីតែកូនប្រុសទាំង ៣ ក៏ល្បីណាស់ដែរ។ ជាងនេះទៅទៀត បើក្រឡេកទៅមើលឈ្មោះកូនប្រុសទាំង ៣ របស់ ឧកញ៉ា ព្រាប សុវត្ថិ គឺពិតជាពីរោះស័ក្តសមនឹងរូបសង្ហារបស់ពួកគេថែមទៀតផង។ ក្នុងនោះកូនប្រុសច្បងឈ្មោះ សុវត្ថិ មុនីវណ្ណ កូនប្រុសទី ២ ឈ្មោះ សុវណ្ណ មុនីនាគ និង កូនប្រុសពៅឈ្មោះ សុវត្ថិ សិរីវុឌ្ឍ។
២. តារាចម្រៀង ខេមរៈ សិរីមន្ត
ឧកញ៉ា ខេមរៈ សិរីមន្ត ក៏មិនខុសគ្នា ពីឧកញ៉ា ព្រាប សុវត្ថិ នោះដែរ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ ក៏ប្រសប់ដាក់ឈ្មោះកូនប្រុសស្រីទាំងដែរ ដោយកកូនប្រុសច្បងមានឈ្មោះ ខេមរៈ មន្តស្នេហ៍ កូនស្រីទី ២ ឈ្មោះ ខេមរៈ មន្តស្ត្រី និង កូនស្រីពៅឈ្មោះ ខេមរៈ មន្តរាជិនី។
៣. តារាចម្រៀង ឆាយ វីរៈយុទ្ធ
តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ បើទោះជាទើបទទួលបានចំណងដៃកូនស្រីតែម្នាក់ពីចំណងអាពាហ៍ពិពាហ៍ក៏ពិតមែន តែតារាប្រុសរូបនេះ ក៏បានដាក់ឈ្មោះឱ្យកូនស្រីយ៉ាងពីរោះដែរថា វីរៈយុទ្ធ អភិជាតាទេវី។
៤. តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន
តារាចម្រៀងវ័យជាង ៤០ ឆ្នាំ ណាំ ប៊ុណ្ណារ័ត្ន ក៏មិនខុសពីតារាប្រុសខាងលើដែរ មកទល់ពេលនេះ លោកទទួលបានចំណងដៃកូនប្រុសស្រី ២ នាក់ ហើយ សុទ្ធតែគួរឱ្យស្រឡាញ់។ ជាងនេះទៅទៀត បើនិយាយពីឈ្មោះកូនៗរបស់លោកវិញ គឺប្លែក និង ពីរោះណាស់ ដោយកូនប្រុសច្បងឈ្មោះថា ប៊ុណ្ណារ័ត្ន ប៉ាណូន ហៅ Banoon រីឯកូនស្រីពៅឈ្មោះ ប៊ុណ្ណារ័ត្ន ប៊ីណាហ្វា ហៅអូន Inn។
៥. តារាចម្រៀង ឃុំ ប៉ុណ្ណាដែត
ក្រោយពីសាងចំណងអាពាហ៍ពិពាហ៍នឹងមិត្តរួមក្រុម EV Band តារាចម្រៀងប្រុស ឃុំ ប៉ុណ្ណាដែត ក៏ទទួលបានចំណងដៃកូនប្រុសស្រី ៣ នាក់ ហើយនឹងភរិយា គឺអ្នកនាង យក់ ឋិតរដ្ឋា។ តារាចម្រៀងប្រុសស្រីខាងលើនេះ ក៏បានដាក់ឈ្មោះកូនប្រុសស្រីយ៉ាងពីរោះដែរ ដោយកូនប្រុសច្បងឈ្មោះ ឃុំ រដ្ឋាណាលីដូ កូនប្រុសទី ២ ឈ្មោះ ឃុំ រដ្ឋាណាលីឌី និង កូនស្រីពៅ ឈ្មោះ ឃុំ រដ្ឋាណាតាលី។
៦. តារាចម្រៀង មង្គល ទីណា
តារាចម្រៀងម្ចាស់បទ «ស្វាគ្រវីលីអូ» លោក មង្គល ទីណា ក្រោយពីរៀបការនឹងភរិយាជាអ្នកក្រៅសិល្បៈនៅឯខេត្តកោះកុង លោកក៏ទទួលបានចំណងដៃកូនប្រុសស្រី ៣ នាក់ ដូចគ្នាដែរ ដោយក្នុងនោះ លោក និង ភរិយាបានដាក់ឈ្មោះកូនទាំង ៣ យ៉ាងពីរោះ ដោយកូនប្រុសច្បងឈ្មោះ ថន ណានិកូ កូនស្រីទី ២ ថន ម៉ាណា និង កូនប្រុសពៅ ថន ណានិកេត៕