![អង្គការ WHO ព្រមានពីគ្រោះថ្នាក់នៃជំងឺអុតស្វាបំប្លែងខ្លួនថ្មី មានអត្រាមរណៈដល់ទៅ ១០%](https://www.popular.com.kh/wp-content/uploads/2024/06/feature-89.jpg)
អង្គការ WHO ព្រមានពីគ្រោះថ្នាក់នៃជំងឺអុតស្វាបំប្លែងខ្លួនថ្មី មានអត្រាមរណៈដល់ទៅ ១០%
អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានពីគ្រោះថ្នាក់នៃជំងឺអុតស្វាបំប្លែងខ្លួនថ្មី ដែលរីករាលដាលឆ្លងក្នុងប្រទេសកុងហ្គោ មានអត្រាមរណៈរហូតដល់ទៅ ១០%។
បើតាមលោក John Claude Udahemuka សាស្ត្រាចារ្យប្រចាំមហាវិទ្យាល័យនៃ Rwanda បាននិយាយថា វីរុសបំប្លែងខ្លួនថ្មី ដែលរីករាលដាលយ៉ាងឆាប់រហ័សនេះ គឺបំប្លែងចេញពីជំងឺអុតស្វាអំបូរទី ១ ដែលរាលដាលឆ្លងជាសហគមន៍ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ច្រើនទសវត្សរ៍មកហើយ។ វីរុសបំប្លែងខ្លួនថ្មីនេះដែរ ចាត់ទុកជាវីរុសដ៏គ្រោះថ្នាក់មួយ ដែលមានអត្រាមរណៈប្រមាណ ៥% លើមនុស្សពេញវ័យ និង ១០% លើកុមារ ខណៈអត្រាមរណៈចំពោះវីរុសចាស់ គឺមានត្រឹម ១% ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់ពីអង្គការ WHO។
![](https://www.popular.com.kh/wp-content/uploads/2024/06/2-143.jpg)
ជាមួយគ្នានោះដែរ បើតាមស្ថិតិពីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិ បានឱ្យដឹងថា ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺអុតស្វាក្នុងប្រទេសកុងហ្គោ មានប្រមាណ ៨៦០០ ករណីហើយ ដោយក្នុងនោះ ៤១០ នាក់បានបាត់បង់ជីវិត។ លោកវេជ្ជបណ្ឌិត Cris Kacita បានបង្ហាញការព្រួយបារម្ភថា៖ «ក្នុងអត្រានេះ ពួកយើងមានការបារម្ភថា ការឆ្លងរាលដាលជំងឺអុតស្វាក្នុងប្រទេសកុងហ្គោ អាចក្លាយជាប្រភពចម្លងរោគទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត»។
លោកសាស្ត្រាចារ្យ Udahemuka រួមទាំងអ្នកស្រាវជ្រាវដទៃផ្សេងទៀត បានលើកឡើងថា វីរុសបំប្លែងខ្លួនថ្មីនេះ គឺរាលដាលឆ្លងតាមរយៈការរួមភេទរវាងស្ត្រី និង បុរស ជាពិសេសលើអ្នករងស៊ីផ្លូវភេទ។ ក្រុមអ្នកជំនាញ ក៏បានសិក្សាបន្ថែមលើការចម្លងរោគនេះដែរ ទៅលើស្ត្រី និង អ្នកថែទាំលើកុមារ ក៏រកឃើញថាជំងឺនេះ អាចបណ្ដាលឱ្យមានការរលូតកូន ចេញស្នាមកន្ទួល ក៏ដូចជាអាការផ្សេងៗផងដែរ។
![](https://www.popular.com.kh/wp-content/uploads/2024/06/3-130.jpg)
គួរបញ្ជាក់ថា ជំងឺអុតស្វា (Monkeypox) គឺជាជំងឺរាលដាលឆ្លងមួយ ដែលឆ្លងតាមរយៈការប៉ះពាល់ដោយផ្ទាល់ បង្កជាអាការមួយចំនួនដូចជាជំងឺផ្ដាសាយ និងកើតជាពងទឹកលើស្បែក។ ភាគច្រើនអ្នកកើតជំងឺនេះ គឺមិនសូវមានអាការធ្ងន់ធ្ងរឡើយ ប៉ុន្តែវានៅតែមានករណីធ្ងន់ធ្ងររហូតដល់ជីវិតផងដែរ។
ជាក់ស្ដែង បើតាមអង្គការ WHO ទិន្នន័យទទួលបានចាប់ពីឆ្នាំ ២០២១-២០២៣ ពិភពលោក មានអ្នកឆ្លងជំងឺអុតស្វាសរុបចំនួន ៩២ ០០០ ករណី និង ១៦៧ ករណីទៀត បានស្លាប់ដោយជំងឺនេះ។ ភាគច្រើនអ្នកដែលកើត គឺជាបុរសរួមភេទជាមួយបុរសគ្នាឯង និងអ្នកដែលមានដៃគូច្រើន៕
ប្រភព៖ VN Express