ប្រយ័ត្នផង! មានករណីសាកថ្មទូរស័ព្ទចោល ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះមួយកន្លែង នៅភ្នំពេញ
ជារឿងដ៏គួរឱ្យសោកស្ដាយ នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងពីករណីអគ្គិភ័យមួយកន្លែង កើតឡើងនៅចំណុចផ្ទះលក់គ្រឿងរថយន្ត នៅផ្ទះលេខ ៣៨c ផ្លូវលេខ ១៦២ ភូមិ ០៤ ក្រុម ១៥ សង្កាត់ផ្សារដេប៉ូទី ១ រាជធានីភ្នំពេញ ដោយមូលហេតុឆ្លងចរន្តអគិ្គសនី (សាកថ្មទូរស័ព្ទចោល) កើតឡើងនៅវេលាម៉ោង ០១:១៥ នាទី។
បើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានបញ្ជាក់ថា ម្ចាស់ទីតាំងមានឈ្មោះ រស គឹមសាន ភេទប្រុសអាយុ ៦៣ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរលក់គ្រឿងឡាន ខណៈការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តអគិ្គសនី (សាកថ្មទូរស័ព្ទចោល) បណ្ដាលឱ្យខូចខាតសម្ភារ ឆេះជាន់ទី ០១ កនែ្លង ជាកន្លែងស្តុបគ្រឿងអស់ទាំងស្រុង ហើយពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ដោយពុំមានអ្នកស្លាប់ និង របួសនោះទេ។
ក្នុងប្រតិបត្តិការណ៍ពន្លត់នេះផងដែរ រថយន្តការិយាល័យអគ្គិភ័យ ចំនួន ១៥ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ៦ ឡានស្មើនឹង ៣៤ ម៉ែត្រគូប ហើយរថយន្តជំនួយអន្តរាគមន៍ មានរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ ឡានសើ្មនឹង ០៦ ម៉ែត្រគូប ពន្លត់ចប់នៅវេលាម៉ោង ២:០០ នាទី ថ្ងៃខែឆ្នាំដដែល៕
ប្រភព ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ