បើដឹងថា បឹងលំកុដ មានទេសភាពស្រស់ស្អាតយ៉ាងនេះ ទៅលេងតាំងពីយូរ !
ទេសភាពដ៏ខៀវស្រងាត់របស់បឹងលំកុដ គ្រាន់តែបានឃើញភ្លាមធ្វើឱ្យភ្ញៀវទេសចរ មានការចំណាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែផ្ទៃបឹងមានរាងដូចបេះដូង ដែលលាតសន្ធឹងធំល្វឹងល្វើយលើផ្ទៃដីទំហំ ១១០ ហិកតា ។
រមណីយដ្ឋានបឹងលំកុដ មានទីតាំងស្ថិតនៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដែលមានចម្ងាយជាង ៦០ គីឡូម៉ែត្រពីក្រុងបានលុង ឬ ចេញពីផ្លូវកែងនៃប៉ុស្តិ៍ប៉េអឹមនៅលើដងផ្លូវនោះឆ្ពោះទៅកាន់ផ្សារបរកែវមានចម្ងាយប្រមាណជា ១៤ គីឡូម៉ែត្រ និង ចូលតាមក្លោងទ្វាវត្តគិរីវង្គត់ចម្ងាយប្រមាណជាពី១ ទៅ ២ គីឡូម៉ែត្រទៀតទើបដល់ ។
បឹងលំកុដ ត្រូវបានអ្នកស្រុកហៅថា បឹងគិរីវង្គត់ គឺជាការហៅភ្ជាប់ជាមួយឈ្មោះរបស់ទីអារាមមួយនៅក្បែរនោះ មានឈ្មោះថា «វត្តគិរីវង្គត» បឹងនេះ មានទឹកថ្លាឆ្វង់ពណ៌ខៀវដូចទឹកសមុទ្រ មានផ្ទៃបឹងធំទូលាយអមដោយព្រៃតូចធំ ស្ងាត់ជ្រងំ សម្រាប់ក្រុមទេសចរ ដែលចូលចិត្តទីស្ងាត់អាចចុះហែលទឹកលេងកម្សាន្តយ៉ាងត្រជាក់កាយ និង អាចស្ទូចត្រីលេងកម្សាន្តផងដែរ ៕
ដោយ៖សុថាត់