ទៅលេងខេត្តរតនគិរី តិចអត់ស្គាល់ បឹងលំកុដ
ប្រសិនបើលោកអ្នកបានទៅលេង ខេត្តរតនគិរី គួរតែចំណាយពេលខ្លះដើម្បីទៅទស្សនា បឹងលំកុដ ព្រោះទេសភាពនៅទីនោះ មានសម្រស់មិនចាញ់បឹងយក្សឡោមប៉ុន្មានឡើយ ។ បឹងលំកុដ ជាបឹងធម្មជាតិ ដែលមានរាងដូចបេះដូង អ្នកខ្លះហៅឈ្មោះមួយទៀតថា បឹងគីរីវង្កក បឹងនេះស្ថិតនៅកណ្តាលព្រៃយ៉ាងស្ងាត់ជ្រងំ ។ កាលពីប៉ុន្មានឆ្នាំមុនពំុសូវមាន មនុស្សទៅលេងកម្សាន្តឡើយ ប៉ុន្តែពេលនេះ ដោយសារតែផ្លូវធ្វើដំណើរល្អប្រសើរជាងមុន បានធ្វើឱ្យភ្ញៀវទេសចរយ៉ាងច្រើនបាននាំគ្នាទៅលំហែកាយនៅទីនោះយ៉ាងច្រើន ។
រមណីយដ្ឋានបឹងលំកុដ មានទីតាំងស្ថិតនៅក្នុងភូមិសមុតក្រោម ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ដើម្បីទៅដល់បឹងលំកុដនេះ អ្នកដំណើរត្រូវឆ្លងកាត់ផ្លូវចម្ងាយ ៥៤ គីឡូម៉ែត្រ ពោលគឺចេញពីក្រុងបានលុនទៅប្រហែលជា ៣៣ គីឡូម៉ែត្រតាមផ្លូវជាតិលេខ ៧៨ ទើបទៅដល់ទីរួមស្រុកលំផាត និង បន្តដំណើរតាមផ្លូវគ្រួសក្រហមប្រមាណជា២៥គីឡូម៉ែត្រទៀត ទើបទៅដល់ឃុំសេដា ដែលជាទីតាំងបឹងលំកុដស្ថិតនៅខាងក្រោយវត្តគីរីវង្កក ។
តាមឯកសារសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍របានបង្ហាញថា លំកុដជាបឹងធម្មជាតិ ដែលត្រូវបានកើតឡើង ដោយសារបន្ទុះភ្នំភ្លើងតាំងពីរយូរលង់ណាស់មកហើយ។ បឹងធម្មជាតិនេះ មានសណ្ឋានដូចបេះដូង ដែលហ៊ុំព័ទ្ធដោយដីទូល និង ដើមឈើខ្ពស់ៗជុំវិញ ដែលគួរឱ្យទាក់ទាញបំផុត ខណៈផ្ទៃទឹកបឹងទាំងមូលថ្លាខៀវស្រងាត់ ដែលអាចមើលឃើញត្រីហែលក្នុងទឹក។ នៅជុំវិញ មានរុក្ខជាតិខៀវស្រងាត់ និង ដើមឈើធំសម្បូរទៅដោយពពួកសត្វស្លាប និង ល្មូនគួរជាទីគយគន់ ។ រមណីយដ្ឋាន បឹងលំកុដបានលាតសន្ធឹងល្វឹងល្វើយ ដែលមានផ្ទៃដីទំហំ ១១០ ហិកតា៕