អ្នកចូលចិត្តដើរព្រៃ សាកទៅលេងភ្នំទំព័រម្តង បានដឹងថា សប្បាយយ៉ាងណា
ភ្នំទំព័រជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែង ដែលមានចម្ងាយប្រមាណជា ១១៩គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ និង មានចម្ងាយប្រមាណជា ៣២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាភ្នំខ្ពស់ទី ២ ក្នុងប្រទេសកម្ពុជា ដែលមានកម្ពស់ដល់ទៅ ១ ៥៥១ ម៉ែត្រ ។
ភ្នំទំព័រ ត្រូវបានបង្កើតជាសហគមន៍ទេសចរណ៍មួយ ដែលមានឈ្មោះថា សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ-ភ្នំទំព័រ ដែលបង្កើតឡើងតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ នៅទីនោះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជា ទឹកធ្លាក់ ផ្ទាំងថ្មធំៗ ដើមឈើធំៗ ជម្រកសត្វព្រៃ ខ្លា ប្រើស ឈ្លូស រមាំង ភ្ញៀវទេសចរអាចងូតទឹកកម្សាន្ត មើលទេសភាពធម្មជាតិដ៏ស្រស់ស្អាត ។
ដើម្បីទៅលេងដល់លើកំពូលភ្នំទំព័រ ភ្ញៀវទេសចរត្រូវចំណាយពេល លើដំណើរកម្សាន្តបែបផ្សងព្រេងរយៈពេល ៣ថ្ងៃ ២យប់ ទើបងាយស្រួលក្នុងការធ្វើដំណើរ ។ ភ្ញៀវដែលទៅសម្រាកលំហែរកាយនៅទីនោះ គួរតែត្រៀម សម្លៀកបំពាក់ក្រាស់ៗព្រោះអាកាសធាតុនៅទីនោះផ្លាស់ប្តូរលឿន ពេលខ្លះមេឃស្រឡះ ហើយពេលខ្លះទៀតប្រែជាចុះអ័ព្ទភ្លាមៗ ។
អ្នកដែលចូលចិត្តមើលផ្កាយ ប្រាកដជាចូលចិត្តមិនខានឡើយ ដោយសារយប់ឡើងយើងមើលឃើញកញ្ចុំផ្កាយមើលឃើញយ៉ាងច្បាស់បើមេឃស្រឡះ ។ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ទៅទស្សនា នៅសហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ-ភ្នំទំព័រ អាចទាក់ទងទៅកាន់លេខទូរស័ព្ទ ០៧១ ៦១១ ៧៩៨៧ /០១០ ៧៨៩ ៦៥៣ ៕
(រូបថតៈ សហគមន៍តំបន់ការពារធម្មជាតិភូមិទំព័រ – ភ្នំទំព័រ)