បានទៅស្ទឹងត្រែង គួរបង្ហួសទៅកម្សាន្ត នៅសហគមន៍ទេសចរណ៍ ព្រះរំកិល ម្តង
សហគមន៍អេកូទេសចរណ៍ឃុំព្រះរំកិល ជាតំបន់ទេសចរណ៍មួយ ស្ថិតនៅក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានចម្ងាយ ៦៥ គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ ។
សហគមន៍ទេសចរណ៍ ព្រះរំកិល បានទាក់ទាញភ្ញៀវទេសចរ ជិះទូកទស្សនាកម្សាន្ត សត្វផ្សោតផ្លាស់ទីទៅរស់ចំណុចកោះល្ង នៅតាមដងទន្លេមេគង្គលើ ការទសសនាសត្វស្លាបជាច្រើនប្រភេទ ការធ្វើដំណើរទស្សនាភ្នំបង្អួច ជិះទូកទស្សនាកម្សាន្ត តាមកោះ ការស្វែងយល់ពីជីវភាព និងការស់នៅ របស់ប្រជាពលរដ្ឋ នៅលើកោះ ងូតទឹកលេង ការថតរូបទុកជាអនុស្សាវរីយ និង ភ្ញៀវទេសចរ អាច ឆ្លងកាត់ទៅទស្សនាព្រំប្រទល់ប្រទេសឡាវផងដែរ ។
សហគមន៍អេកូទេសចរណ៍នាប៉ែកឦសានប្រទេសកម្ពុជា ដែលជាប់ដងទន្លេមេគង្គនេះ បានបង្ហាញសម្រស់យ៉ាងស្រស់ស្អាតឱ្យភ្ញៀវទេសចរទៅកម្សាន្តមិនថាថ្ងៃធម្មតា ឬ ថ្ងៃឈប់សម្រាកឡើយ ។ តំបន់អេកូទេសចរណ៍ ព្រះរំកិល បានបង្កើតឡើងនៅ ឆ្នាំ ២០០២ ដែលធ្លាប់មានការគាំទ្រពីអង្គការម្លប់បៃតង ដែលមានសត្វផ្សោត ជាចក្ខុវិស័យដំបូង ។ បើបងប្អូនចង់ទៅទស្សនា និង ចង់ដឹងព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខទូរស័ព្ទនេះ៖ ០៩៧ ៩៥ ៨៥ ៥៥១ ៕