ពេលទំនេរ កំភ្លេច បឹងសំរឹទ្ធិ រមណីយដ្ឋានដ៏ល្បីនៅកំពង់ធំ !
ក្រៅពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ភ្នំសន្ទុក និង ប្រាសាទសំបូរព្រៃគុក ដែលទើបតែបញ្ចូលជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកនាពេលថ្មីៗនេះ បឹងសំរឹទ្ធិ ក៏ក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ស្អាតពេញនិយម និង មានប្រជាប្រិយខ្លាំងណាស់ដែរនៅក្នុងខេត្ត ក៏ដូចជានៅទូទាំងប្រទេស ។
បើលោកអ្នកមានបំណងចង់ធ្វើដំណើរទៅលេងនៅរមណីយដ្ឋានបឹងសំរឹទ្ធិដែលស្ថិតនៅក្នុងទឹកដី ភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នោះគឺយើងអាចបន្តដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦ ចេញពីក្រុងកំពង់ធំលុះនៅពេលបានមកដល់ត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ១២៦ បត់ឆ្វេងចូលតាមផ្លូវលំល្អស្អាតប្រមាណជា ៣ គីឡូម៉ែត្រ នឹង បានដល់បឹងសំរិទ្ធិ ។
បឹងសំរឹទ្ធិជាទឹកដីស្លាកស្នាមប្រវត្តិសាស្ត្រខេត្តកំពង់ធំ បានបន្សល់ទុកនូវធនធានធម្មជាតិមានព្រៃភ្នំ ទីវាល ទីទួល បឹងបួរួមទាំងប្រាសាទបុរាណដ៏សម្បូរបែបបាន និង កំពុងតែបម្រើឱ្យវិស័យទេសចរណ៍គួរជាទីមោទក ក្នុងនោះដែរដូចជារមណីយដ្ឋានទេសចរណ៍បឹងសំរឹទ្ធិគឺ សុទ្ធតែជាកន្លែងដែលមានបង្កប់នៅស្នាមប្រវត្តិសាស្ត្រខ្មែរផងដែរ ។ កាលពីដើមឡើយតំបន់បឹងសំរឹទ្ធិនេះ គេឃើញមានដំបូក និង ព្រៃដុះស្ទើរគ្រប់កន្លែងរួមទាំងមានសត្វព្រៃដូចជាសំពោជ ទន្សាយ ខ្លាត្រីជាដើមតែក្រោយមកទីនេះក៏បានក្លាយទៅជាទីវាល ពោលគឺទើបតែនៅពេលបង្កើតឱ្យមានរមណីយដ្ឋាននេះក៏ត្រូវបានលោក ញ៉ែម ថាវី ដែលជាម្ចាស់វិនិយោគធ្វើការកែច្នៃដាំដើមឈើឡើងវិញ មានឈើទាល គគីរ លឿងរាជ សក្រម សំរោង ជាដើមបង្កើតបានជាសោភ័ណភាពស្រស់បំព្រង ។
ឈ្មោះបឹងសំរឹទ្ធិ គឺគេសំដៅលើដីព្រៃដែលលាតសន្ធឹងពីខាងត្បូងបឹងពោធិ៍ខឿន មកជាប់មាត់ស្ទឹងមានទំហំដីប្រមាណ ១០០ ហិកតា មានទីតាំងនៅជាប់ស្ទឹងជីនិតលំអដោយព្រៃឫស្សី ព្រៃស្បាតតូចៗដុះព័ទ្ធអមដងស្ទឹង ហើយបឹងសំរឹទ្ធិកាលពីមុនគឺគ្រាន់តែជាកូនបឹងតូចមួយដែលមានប្រភពទឹកហូររឹមៗ និង មានសភាពថ្លាត្រជាក់ដូចទឹកអម្រឹត ។ រមណីយដ្ឋានបឹងសំរឹទ្ធិ ទទួលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្តដែលធ្វើការវិនិយោគលើផ្ទៃដីចំនួន ៤៧ ហិកតា ចាប់ដំណើរការឡើងតាំងពីឆ្នាំ ២០០៦ មកម្លេះ ភាពល្បីល្បាញបានធ្វឱ្យបឹងសំរឹទ្ធិ ត្រូវបានស្ថិតក្នុងលំដាប់ទី ៣ បើប្រៀបធៀបជាមួយនឹងតំបន់ទេសចរណ៍ល្បីៗនៅក្នុងខេត្តកំពង់ធំ ។
បច្ចុប្បន្នបឹងសំរឹទ្ធិកំពុងតែមានភាពទាក់ទាញភ្ញៀវទេសចរគួរឱ្យកត់សំគាល់ ព្រោះនៅទីនោះមានការរៀបចំប្រកបទៅដោយសោភ័ណភាពស្រស់បំព្រង មានម៉ូតែលសម្រាប់ស្នាក់នៅចំនួន ២០ ម៉ូតែល មានបម្រើជូននូវសេវាម្ហូបអាហារទៅតាមតម្រូវការ មានកន្លែងលេងកម្សាន្តជាច្រើន ដូចជាជិះខ្សែរ៉ត លើផ្ទៃបឹង ជិះប៉េដាឡូ ជិះគោឆ្កូត ជិះកង់ ដើរទស្សនាទេសភាពនៅក្នុងរមណីយដ្ឋាន រួមទាំងការកម្សាន្តសប្បាយជាច្រើនទៀត ។ បឹងសំរឹទ្ធិគឺជារមណីយដ្ឋានទេសចរណ៍កែច្នៃមួយនៅខេត្តកំពង់ធំដែលកំពុងតែទទួលការពេញនិយមយ៉ាងខ្លាំងពីណាក់ប្រជាពលរដ្ឋក៏ដូចជាអ្នកទេសចរមកពីទីជិតឆ្ងាយនៅពេលពួកគាត់បានមកដល់ទីនេះហើយប្រាកដជានឹងបានធូរស្បើយបាត់អស់នៅទុក្ខកង្វល់មិនខានឡើយ ៕
ដោយ ៖ សុថាត់