ភ្នំបាយឆៅ ជាតំបន់ទាក់ទាញទេសចរ នៅខេត្តមណ្ឌលគិរី !
ក្រៅពីតំបន់ដ៏ទាក់សំខាន់ៗនៅខេត្តមណ្ឌលគិរី ដូចាជា ទឹកជ្រោះប៊ូស្រា តំបន់ភ្នំដោះ ក្រមុំ នៅពេលនេះទេសភាពនៅចំណុច ភ្នំបាយឆៅ បានក្លាយទៅជាចំណុចមួយដ៏ទាក់ទាញ ក៏ព្រោះតែទីនោះមានផ្ទាំងទស្សនីយភាពធម្មជាតិយ៉ាងខៀវស្រងាត់ ព្រៃឈឺដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែកគ្មានពីរ ។
ពេលនេះទីកន្លែង ភ្នំបាយឆៅ បានក្លាយទៅជារមណីយដ្ឋានដែលមិនអាចខ្វះបាន ចំពោះភ្ញៀវទេសចរទាំងឡាយដែលបានទៅដល់ទឹកដីនៃខេត្តមណ្ឌលគិរី ហើយមិនអាចមើលរំលងទីនោះបានឡើយ ។ នៅលើកំពូលភ្នំដ៏ខ្ពស់ភ្ញៀវទេសចរទាំងឡាយបាននាំគ្នាទៅឈរពីលើកំពូលភ្នំសម្លឹងចុះមកក្រោមឃើញទេសភាពធម្មជាតិព្រៃភ្នំដាច់កន្ទុយភ្នែក គួរឱ្យចង់គយគន់ក្រៃលែង ភ្ញៀវខ្លះបានត្រេកត្រអាលជាមួយនឹងកាថតរូបទេសភាពដ៏ស្រស់បំព្រងគ្មានពីរនៅទីនោះ ។ ទីនោះមានខ្យល់អាកាសដ៏ល្អបរិសុទ្ធដែលកម្ររកកន្លែងណានៅក្នុងប្រទេសកម្ពុជាយើងមកប្រដូចបានឡើយ ។
ភ្នំបាយឆៅ ជាភ្នំមួយខ្ពស់ស្ថិតតាមបណ្តោយផ្លូវជាតិលេខ ៧៦ ស្ថិតក្នុងភូមិពូលូង សង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី គឺស្ថិតនៅប៉ែកខាងកើតឈៀងខាងជើង និង មិនឆ្ងាយប៉ុន្មានពីក្រុងសែនមនោរម្យនោះឡើយ ។ ភ្នំនេះមានចំណោទចោទខ្ពស់ស្ថានភាពផ្លូវពោរពេញទៅដោយថ្មរដឹបរដុប រអិលខ្លាំង មើលចុះក្រោម ស្ទើរដាច់កន្ទុយភ្នែក កាលពីមុនផ្លូវនេះតែងកើតមានគ្រោះថ្នាក់ចរាចរណ៍ស្លាប់របួសមនុស្សជារឿយៗ ប៉ុន្តែពេលនេះស្ថាន ភាពផ្លូវលំបាកទាំងនោះត្រូវបានធ្វើឱ្យប្រសើឡើង ហើយគ្រោះថ្នាក់ក៏ពុំសូវមានដែរ ។
ពាក្យថា បាយឆៅ បើតាមចាស់ព្រឹទ្ធាចារ្យដែលរស់នៅទីនោះបានលើកឡើងវាគ្រាន់ តែជាងារមួយកំឡុងពេលដែលអ្នកដំណើរជាប់ផុងរថយន្តនៅចំណុចនោះ ហើយដេកផ្លូវដាំបាយទទួលទានមិនដែលបានឆ្អិន ព្រោះតែមានភ្លៀងជាប្រចាំនៅចំណុចនោះ ។ មួយវិញទៀតស្ថានភាពផ្លូវកាលពីមុននៅចំណុច ភ្នំបាយឆៅ មានចំណោទខ្ពស់រអិលខ្លាំងបានបង្កឲ្យមានការក្រឡាប់រថយន្ត ឬ រអិលធ្លាក់ពីលើភ្នំនោះជាបន្តបន្ទាប់ ទើបគេហៅពីមាត់មួយទៅមាត់មួយថា ភ្នំបាយឆៅ រហូតមកដល់បច្ចុប្បន្នតែម្តងទៅ ។
ជារៀងរាល់ថ្ងៃនៅចំណុច ភ្នំបាយឆៅ នោះគេតែងតែសង្កេតឃើញមានអ្នកដំណើរ និង ភ្ញៀវទេសចរ ចំរុះជាតិសាសន៍ឈប់ចតរថយន្តត្រៀបត្រា ដើម្បីថតរូបទេសភាពចេញពីធម្មជាតិដ៏ស្រស់ត្រកាល ដែលគេអាចមើលឃើញនូវវិសាលភាពព្រៃភ្នំដ៏ខៀវស្រងាត់គ្រប់រដូវកាល ដែលធ្វើឱ្យអ្នកដែលបានទៅដល់ម្តងហើយ នឹង ចង់ទៅម្តងទៀត ៕
ដោយ ៖ សុថាត់