តំបន់ភ្នំធម្មជាតិ ៣ កន្លែងនៅកម្ពុជា ទេសភាពស្អាតខ្លាំង ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ
កម្ពុជាដែនគ្របដណ្ដប់ដោយតំបន់ព្រៃភ្នំធម្មជាតិស្ទើរពាសពេញប្រទេស ជាប្រភពធនធានដ៏មហាសាល សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ សេដ្ឋកិច្ច និង លើកស្ទួយជីវភាពប្រជាជនឱ្យមានភាពល្អប្រសើរឡើងតាមរយៈផលប្រយោជន៍ជាច្រើនដែលធម្មជាតិផ្ដល់ឱ្យ ។ យ៉ាងណាមិញតំបន់ព្រៃភ្នំមួយចំនួន មិនទាន់មានអ្នកទៅដល់ឡើយ ជាកន្លែងប្រមូលផ្ដុំដោយធម្មជាតិដ៏ត្រកាល ជាទីជម្រកដ៏មានក្ដីសុខសម្រាប់ជីវិតរស់នៅជាច្រើនប្រភេទ ។ ដោយឡែកថ្មីៗនេះ មានតំបន់ធម្មជាតិមួយចំនួនត្រូវបានមនុស្សទៅដល់ និង ប្រទះឃើញទេសភាពដ៏ភ្ញាក់ផ្អើលស្ទើរមិនគួរឱ្យជឿនឹងភ្នែក ហើយកំពុងល្បីល្បាញខ្លាំងនាពេលបច្ចុប្បន្ននេះ ។
១. ទេសភាពព្រៃភ្នំនៅឧទ្យានជាតិវីរៈជ័យ
ស្ថិតក្នុងភូមិសាស្ត្រខេត្តរតនៈគីរី និង ខេត្តស្ទឹងត្រែង ឧទ្យានជាតិវីរៈជ័យមានផ្ទៃដីចំនួន ៣៣២ ៥០០ ហិកតារ ។ ធម្មជាតិព្រៃភ្នំ ជ្រលងដងអូរ រួមទាំងសត្វព្រៃ គឺជាសក្តានុពលដ៏អស្ចារ្យនៃឧទ្យានជាតិវីរៈជ័យនៃភូមិសាស្ត្រខេត្តប៉ែកឦសាន្ត ។
រដូវនេះធម្មជាតិមានសម្រស់ស្រស់ត្រកាលបង្អួតអ្នកទេសចរ ដែលចង់មកទស្សនា នៅតំបន់ឧទ្យានជាតិវីរៈជ័យ សត្វព្រៃជាច្រើនកំពុងសំងំរស់នៅយ៉ាងមានសេចក្តីសុខ ក្នុងនោះគេតែងជួបឃើញមានដូចជា សត្វស្វាកន្ទុយសរ ទោច ជ្រូកព្រៃ ឈ្លូស ប្រើស ខ្លាត្រី ខ្លាពពក ខ្ទីង និង ខ្លាឃ្មុំ ជាដើម ។
នៅក្នុងតំបន់ការពារធម្មជាតិនេះ សហគមន៍ជនជាតិដើមភាគតិចប្រូវ គឺជាម្ចាស់ស្រុកកំពុងរស់នៅយ៉ាងសុខសាន្ត ហើយរៀបចំចាំធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ តាមរយៈសេវានៃការស្នាក់នៅប្រកបដោយផាសុកភាពបែបជនជាតិដើមភាគតិច និង ស្វែងយល់ពីវប្បធម៌ប្រពៃណី ម្ហូបអាហារ និង ស្រាពាងរបស់ជនជាតិដើមព្រៅ ។ ពិសេសនោះការធ្វើដំណើរកម្សាន្តជាមួយធម្មជាតិនៃឧទ្យានជាតិវីរៈជ័យ ។
២. តំបន់ខ្នងផ្សារ
«ខ្នងផ្សារ» តំបន់ធម្មជាតិ ប្រៀបដូចជាឋានសួគ៌ក្រោមមេឃ ហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាបៃតងខ្ចី មានវាលស្មៅលើខ្នងភ្នំ ប្រៀបដូចជាផ្ទៃសមុទ្រស្មៅយ៉ាងអន្លាយស្អាតខ្លាំងរកអ្វីប្រៀបប្រដូចមិនបាន ។
តំបន់ធម្មជាតិមិនទាន់អភិវឌ្ឍន៍នេះ ស្ថិតនៅភូមិចំណា ឃុំប្រលាយ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានព្រំប្រទល់ជិតភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់ ។ ខ្នងផ្សារមានកម្ពស់រហូតដល់ ១០១៧ ម៉ែត្រ ។
សម្រាប់ការធ្វើដំណើរ ជិះពីភ្នំពេញមក កំពង់ស្ពឺ ចូលតាមផ្លូវជាតិលេខ ៤ រួចបន្តដំណើរមកមុខរហូតដល់ ភូមិរលាក់កងជើង ឃុំតាសាល ស្រុកឪរ៉ាល់ ខេត្តកំពង់ស្ពឺ ត្រូវជិះបន្តរមកមុខទៀតប្រហែល ៥ ទៅ ៦ គីឡូម៉ែត្រទៀត មកដល់ ឃុំតាំងបំពង់ តំបន់រលាក់កងជើង នោះជាភូមិដែលយើងត្រូវឈប់ រួចត្រូវជិះគោយន្តរបស់សហគមទៅកាន់ជើងភ្នំ ដោយចំណាយពេលប្រហែលជិត ២ ម៉ោង ដើម្បីទៅដល់ជើងភ្នំដែលយើងត្រូវដើរឡើង ។
៣. ភ្នំត្បែង
ភ្នំត្បែងគ្របដណ្តប់លើផ្ទៃដីធម្មជាតិប្រមាណជាង ២ ម៉ឺន ៥ ពាន់ហិកតា តំបន់ភ្នំត្បែង មានសម្រស់ធម្មជាតិស្អាតដាច់គេ មានទឹកធ្លាក់បីតង់តាម៉ា ទឹកធ្លាក់តាំងយូរ ឬ ចាក់អង្រែ រូងប្រជៀវភ្នំត្បែង និង ទីតាំងសក្ការៈថ្មីបីដុំ ។ នេះបើតាមក្រសួងបរិស្ថានបានចុះផ្សាយនាពេលកន្លងមក ។
មុននឹងឡើងដល់ទីតាំងដ៏ស្រស់ស្អាតទាំងនេះ អ្នកធ្វើដំណើរត្រូវឆ្លងកាត់ផ្លូវជម្រៀលភ្នំ ដែលអមសងខាងដោយចម្ការចេកដាក់កន្ទុយភ្នែក ហើយអ្វីដែលសំខាន់នោះគឺការឡើងភ្នំដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ ដែលមានកាំជណ្តើរ ១ ពាន់ ៨ រយកាំ ។ តំបន់បេតិកភណ្ឌភ្នំត្បែងគ្រប់ដណ្តប់ចំនួន ៥ ស្រុក គឺស្រុក គូលេន សង្គមថ្មី ត្បែងមានជ័យ ក្រុងព្រះវិហារ និង រវៀង ៕