ក្រសួងវប្បធ៌មជួសជុលស្ពានទ័ពខេត្តឧត្តរមានជ័យ
ក្រោយពីធ្វើការសិក្សារួចរាល់ជាស្ថាពររួចមកក្រុមអ្នកអភិក្ស ក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈ បានធ្វើការជួសជុលឡើងវិញ ស្ពានទ័ព ឬ ស្ពានអូរជីក ដែលមានទីតាំងស្ថិតនៅក្នុង ភូមិជើងទាន ឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ឡើងវិញដោយមានការចូលរួម ពីក្រុមអភិរក្ស និង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
លោក គឹម សុធិន ប្រធាននាយកដ្ឋាន នាយកដ្ឋានគាំពារ និង អភិរក្សសំណង់បុរាណក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ការជួសជុលឡើងវិញ ស្ពានទ័ព ឬ ស្ពានអូរជីក ដោយសារបច្ចុប្បន្ន កំពុងតែមានសភាពបាក់ខូចខាតទ្រុឌទ្រោមទៅតាមអាយុកាល ដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់ ។
ស្ពានទ័ពនេះ កំពុងតែប្រឈមនឹងបញ្ហាទ្រុឌទ្រោមរចនាសម្ព័ន្ធជាច្រើន ដោយសារ ចរន្តទឹកហូរខ្លាំង ការហូរនាំដី និងដើមឈើតូចធំ មកចាក់លុបសសរស្ពាន ។ ការជួសជុលស្ពានបុរាណមួយនេះ គឺដើម្បីថែរក្សាវត្ថុបុរាណរបស់ជាតិឱ្យបានគង់វង្ស យូរអង្វែងតទៅទៀត ដើម្បីឱ្យកូនចៅជំនាន់ក្រោយៗទៀត បានឃើញពីស្នាដៃបុព្វបុរសខ្មែរ ។
ស្ពានទ័ពនេះ មានប្រឡោះសម្រាប់ទឹកហូរ ចំនួន ៣៦ប្រឡោះ និង សសរ ចំនួន ៣៥ ជួរ ហើយស្ពាននេះ ជាស្ពានបុរាណ ដែលមានប្រវែងវែងជាងគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជា។ ការជួសជុលស្ពានទ័ពនេះ គឺជាដំណាក់កាលទី ៤ ហើយ នៅ ឆ្នាំ ២០១៨ នេះ ក្រោមគម្រោងឧបត្ថម្ភថវិកាជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា ៕ សុថាត់