ទឹកធ្លាក់ នៅតាមដងផ្លូវជាតិលេខ ៥៥ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ពិតជាស្រស់ស្អាតគ្មានពីរ
បើលោកអ្នកបានធ្វើដំណើរតាមផ្លូវជាតិលេខ ៥៥ ដែលទើបកសាងថ្មីចេញពីទឹកដី ខេត្តពោធិសាត់ ឆ្ពោះទៅកាន់ ខេត្តកោះកុង កាត់តាមស្រុកវាលវែងនោះ ពិតជាបានឃើញទេសភាព ព្រៃភ្នំយ៉ាងល្អគ្មានពីរ ដែលបង្អួតរាងនៅតាមដងផ្លូវ ។ ហើយអ្វីដែលរឹតតែគួរឱ្យចង់គយគន់ថែមទៀតនោះគឺការគយគន់សម្រស់ទឹកធ្លាក់នានា នៅតាមដងផ្លូវ ដែលយើងមិនដែលបានឃើញពីមុនកមក ។
ទឹកធ្លាក់ទាំងនោះរួមមានដូចជា ទឹកធ្លាក់ប្រមោយ ស្ថិតនៅ ភូមិប្រមោយ ឃុំប្រមោយ ទឹកធ្លាក់នេះ បានហូរកាត់ជ្រលងភ្នំ និង ហូរធ្លាក់ចុះមក គួរឱ្យចង់គយគន់ ។
ទឹកធ្លាក់ឆាយប្រុយ ទឹកធ្លាក់នេះ មានទេសភាពស្រស់ស្អាតខ្លាំងណាស់ ដែលបានហូរធ្លាក់ក្នុងរយៈកម្ពស់ ៦០ ម៉ែត្រ ជាតំបន់ទេសចរណ៍ធម្មជាតិ ដ៏សំខាន់មួយ ស្ថិតនៅក្នុងភូមិអូរសោម ឃុំអូរសោម ទឹកធ្លាក់នេះត្រូវបានមន្ទីរទេសចរណ៍ ខេត្តពោធិសាត់ ចាត់ទុកជាកំណប់ពិសេស ព្រោះជាតំបន់ទេសចរណ៍ធម្មជាតិ ដែលភ្ញៀវអាចហែលទឹក ស្ទូចត្រី លេងកម្សាន្តសប្បាយ និង មានខ្យល់អាកាសល្អ អមដោយព្រៃឈើជាច្រើនផងដែរ ។
ទឹកធ្លាក់ថ្មដាតូច ស្ថិតនៅក្នុង ភូមិសង្គមថ្មី ឃុំថ្មដា នៅជិតព្រំដែនជាមួយប្រទេសថៃ ពីមុនគេធ្វើដំណើរទៅលេងទឹកធ្លាក់នេះពិបាកខ្លាំងណាស់ តែពេលនេះ លែងជាបញ្ហាទៀតហើយ ព្រោះគេអាចធ្វើដំណើរតាមផ្លូវជាតិលេខ ៥៥ យ៉ាងងាយស្រួល ។
ទឹកធ្លាក់ភ្នំ ១ ៥០០ ទឹកធ្លាក់នេះ មានទេសភាពស្រស់ស្អាត់ក្រៃលែង ដែលគេអាចចុះងូតទឹកលេងយ៉ាងសប្បាយរីរាយជាមួយ នឹង ល្បាក់ទឹកធ្លាក់ ទឹកធាក់នេះមានទីតាំនៅតំបន់ ភ្នំ ១ ៥០០ ។
ក្រៅពីទឹកធ្លាក់ទាំងនេះ នៅតាមដងផ្លូវជាតិលេខ ៥៥ ក៏នៅមាន ទឹកធ្លាក់ និង ទេសភាពដ៏គួឱ្យជក់ចិត្ត ដិតអារម្មណ៍ ជាច្រើនទៀត ដែលភ្ញៀវទេសចរ ដែលបានទៅដល់ទីនោះមិនគួរមើលរំលងឡើយ ៕
ទឹកធ្លាក់ថ្មដាតូច
ទឹកធ្លាក់ឆាយប្រុយ
ទឹកធ្លាក់ភ្នំ ១ ៥០០
ដោយ ណយ នឿន