កែវសីមា ជាដែនជម្រកសត្វព្រៃ ដ៏ទាក់ទាញសម្រាប់អ្នកទេសចរ
ក្រៅពីជំរំសត្វទោចថ្ពាល់លឿង ដែលនៅសេសសល់ចុងក្រោយរបស់ពិភពលោក ដែនជម្រកសត្វព្រៃកែវសីមា ក៏ជាជម្រកសត្វព្រៃកម្រៗ ដែលជិតផុតពូជជាច្រើនប្រភេទរស់នៅផងដែរ ហើយដែនជម្រកសត្វព្រៃកែវសីមា មានរុក្ខជាតិកម្រ និង ផ្កាព្រៃចម្រុះពណ៌ដ៏ស្រស់ស្អាតព្រមទាំងមានទឹកធ្លាក់ធម្មជាតិ ជាង ១០ កន្លែង ដែលមិនធ្លាប់មានភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះពីមុនកមឡើយ ។
ដែនជម្រកសត្វព្រៃ កែវសីមា មានទីតាំង ស្ថិតនៅទីតាំង ខេត្តមណ្ឌលគិរី និង ក្រចេះ ដែលមានផ្ទៃដីទំហំ ២៩២ ៦៩០ ហិកតា ដោយអនុក្រឹត្យ លេខ ០៩ ខែឧសភា ឆ្នាំ ២០១៦ ។ នៅក្នុងបរិវេណ ដែនជម្រកសត្វព្រៃកែវសីមាមានបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ទស្សនាជុំរុំទោចថ្ពាល់lលឿង ដ៏ពេញនិយមពីសំណាក់ភ្ញៀវទេសចរបរទេស និង មានភាពល្បីល្បាញពាសពេញពិភពលោក បន្ទាប់ពីសហគមន៍ទេសចរណ៍ធ្មមជាតិមួយនេះ ត្រូវបានទទួលស្គាល់ថា ជាសហគមន៍ទេសចរណ៍ធម្មជាតិមួយក្នុងចំណោមសហគមន៍ទេសចរណ៍៥ ដែលល្អដាច់គេនៅលើពិភពលោក បន្ទាប់ពីមានការបោះឆ្នោត កាលពីឆ្នាំ ២០១៧ កន្លងទៅ ។
ដែនជម្រកសត្វព្រៃកែវសីមា ត្រូវបានអ្នកស្រាវជ្រាវរកឃើញថា ជាតំបន់ដែលមានសក្តានុពលខ្ពស់ សម្រាប់ការអភិវឌ្ឍន៍គម្រោងទេសចរណ៍ធម្មជាតិ នាពេលអនាគតផងដែរ ។
ដែនជម្រកសត្វព្រៃកែវសីមា ជាជម្រកសត្វព្រៃ និង រុក្ខជាតិជាង ៦០ ប្រភេទ ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលជាប្រភេទរងការគំរាមកំហែងឈានទៅរកការផុតពូជ ។ ដែនជម្រកសត្វព្រៃនេះ ក៏មានសារៈសំខាន់ជាសាកល សម្រាប់ការអភិរក្សប្រភេទសត្វពានរ ដូចជាស្វាកន្ទុយស និង ទោចថ្ពាល់លឿង ជាដើម ពពួកខ្លាព្រៃ ដំរីអាស៊ី ក្រុមគោសាទិស និង សត្វស្លាបជាច្រើនប្រភេទផ្សេងទៀត ។
លោក សូត្រ វ៉ាន់ឌឿន ប្រធានក្រុមស្រាវជ្រាវសត្វព្រៃប្រចាំដែនជម្រកសត្វព្រៃកែវសីមា នៃអង្គការ WCS បានឱ្យដឹងថា ដែនជម្រកសត្វព្រៃកែវសីមា គឺជាដែនជម្រកសត្វព្រៃដ៏អស្ចារ្យមួយ និង ពិតជាស្រស់ស្អាតខ្លាំងណាស់ ។ ក្រៅពីសម្បូរទៅដោយសត្វព្រៃសំខាន់ៗហើយនោះ ដែនជម្រកសត្វព្រៃកែវសីមា ក៏មានប្រភេទរុក្ខជាតិកម្រ និង ផ្កាព្រៃចម្រុះពណ៌ ពិសេសទឹកធ្លាក់ធម្មជាតិជាច្រើនកន្លែង ដែលភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិមិនធ្លាប់បានឃើញពីមុនមក ៕
ដោយ សុថាត់