ភ្ញៀវទេសចរបរទេសអង្គុយមើលសត្វប្រចៀវ និង ពេលថ្ងៃរៀបលិច នៅភ្នំសំពៅ (មានវីដេអូ)
កន្លែងទេសចរសត្វប្រចៀវនៅភ្នំសំពៅ បានក្លាយទៅជាប៉ូលទេសចរកំពង់ពេញនិយមនៅខេត្តបាត់ដំបង ។ នៅទីនោះមានសត្វប្រចៀវរាប់លានក្បាល បានចូល និង ចេញពីក្នុងល្អាង នៅភាគខាងលិច ជារៀងរាល់ថ្ងៃឱ្យតែពេលរសៀលចូលមកដល់ មានភ្ញៀវទេសចររាប់រយនាក់ បានអង្គុយនៅ ជើងភ្នំ រងចាំមើលសត្វប្រចៀវហើរចេញពីក្នុងរូងភ្នំ ។
បើតាមការឱ្យដឹងរបស់មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់បងបានឱ្យដឹងថា ជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរ បានរងចាំមើលសត្វប្រចៀវវាហើរចូលក្នុងល្អាងនៅពេលព្រលឹមស្រាងៗ និង វាហើរចេញពីល្អាងទៅរកស៊ីចំណី នៅពេលថ្ងៃជិតលិច ។
ប៉ុន្តែនៅពេលល្ងាចមានភ្ញៀវទេសចរច្រើនជាងពេលព្រឹក គ្រាន់តែចូលដល់ម៉ោង ៤ រសៀលភ្លាម ភ្ញៀវទេសចរ បាននាំគ្នាធ្វើដំណើរដើម្បី អង្គុយរងចាំមើលប្រចៀវហើរទៅរកចំណី ។ នៅភ្នំសំពៅនេះ មានសំបុកប្រចៀវ ចំនួន ១៣ សំបុកធំៗមានសត្វប្រចៀវប្រហែលជា ៦,៥ លានក្បាល ដែលកំពុងរស់នៅទីនោះ ។
រមណីយដ្ឋានភ្នំសំពៅនៅជាប់ផ្លូវជាតិលេខ ៥៧ តភ្ជាប់ពី ខេត្តបាត់ដំបង ទៅ ខេត្ប៉ៃលិន មានចម្ងាយប្រមាណជា ១៣ គីឡូម៉ែត្រពីក្រុងបាត់ដំបង ស្ថិតនៅក្នុងភូមិភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ភ្នំនេះមានទ្រង់ទ្រាយដូចជារាងសំពៅមានកម្ពស់ប្រហែល ១០០ ម៉ែត្រ មានកាំជណ្តើរមានចំនួន ១០៣០ កាំ ៕
ដោយ ៖ សុថាត់