ដឹងមូលហេតុពិត ដែលប្រាសាទចៅសាយទេវតាមិនសូវមានភ្ញៀវចូលទៅទស្សនា
ប្រមាណជា ១០ ឆ្នាំមកហើយ ដែលប្រាសាទចៅសាយទេវតាត្រូវបានធ្វើការជួសជុលកែលម្អឱ្យស្អាតឡើងវិញ តែហាក់នៅមិនទាន់មានភ្ញៀវចាប់អារម្មណ៍ ដោយសារតែឃើញតូច ។
ប្រាសាទចៅសាយទេវតានេះ មានរូបរាងតូចច្រឡឹង មានចម្លាក់ក្បូរក្បាច់ ល្អវិចិត្រ រស់រវើក បែរមុខទៅទិសខាងកើតសំដៅស្ទឹងសៀមរាប មានស្រះចំនួន២ និង គូទឹកព័ទ្ធជុំវិញ តែបច្ចុប្បន្នស្រះ និង គូទឹករីងស្ងួតស្ទើរតែគ្មានសោះ ជំនួសដោយដើមឈើតូចធំជាច្រើនដុះក្នុងបរិវេណនោះ ។
ថ្វីតដ្បិតតែប្រាសាទចៅសាយទេវតា ស្ថិតនៅក្បែរប្រាសាទ ធំៗជាច្រើន តែហាក់ដូចជាស្ងប់ស្ងាត់ណាស់ ព្រោះមិនសូវមានអ្នកទេសចរចាប់អារម្មណ៍ច្រើន ដូចប្រាសាទអង្គរវត្ត បាយ័ន និង ប្រាសាទតាព្រហ្ម ឡើយ ។
មូលហេតុមិនសូវមានភ្ញៀវចូលទស្សនាច្រើន ព្រោះប្រាសាទនេះតូច ហើយភ្ញៀវខ្លះមានរយៈពេល ទស្សនាខ្លី ទើបពួកគេចាប់អារម្មណ៍តែប្រាសាទ ធំៗ ។
ប្រាសាទចៅសាយទេវតា ស្ថាបនាឡើងនៅចុងសតវត្សទី១១ដើមសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ រចនាប័ទ្មអង្គរវត្ត ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ ។ ប្រាសាទនេះ មានទីតាំងស្ថិតនៅខាងកើតទ្វារជ័យនៃក្រុងអង្គរធំ ឈមគ្នានឹងប្រាសាទធម្មនន្ទ ។
ការហៅឈ្មោះចៅសាយទេវតានេះ តៗគ្នាពីមុនដល់បច្ចុប្បន្ន មិនមានប្រភពណាបញ្ជាក់ច្បាស់លាស់ទេ តែបើតាមការសន្និដ្ឋានរបស់អ្នកស្រុក ឈ្មោះប្រាសាទនេះ ប្រហែលជាឈ្មោះមេទ័ព ដែលមានស្នាដៃល្អម្នាក់ក្នុងការធ្វើសឹកសង្គ្រាម ឬ អ្នកមានស្នាដៃក្នុងការធ្វើអ្វីមួយនោះហើយ បានជាគេដាក់ឈ្មោះនេះរហូតមក ។
សព្វថ្ងៃអ្នកស្រុកហៅឈ្មោះប្រាសាទនេះត្រឹមចៅសាយប៉ុណ្ណោះ មិនមានពាក្យទេវតានៅខាងចុងទេ នេះជាទម្លាប់របស់ខ្មែរដែលច្រើនប្រើឈ្មោះ ខ្លីៗប៉ុណ្ណោះ ។
ប្រាសាទនេះត្រូវបានជួសជុលដោយរដ្ឋាភិបាលចិន សម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ចាប់ពីឆ្នាំ១៩៩៨ ហើយបញ្ចប់នៅឆ្នាំ២០០៨ ។ មុនពេលជួសជុលប្រាសាទចៅសាយទេវតាខូចខាតច្រើន ទោះជាតួកណ្ដាល និង តួខាងកើតមានស្ថានភាពនៅល្អក៏ដោយ ប៉ុន្តែដំបូល និង តួផ្សេងទៀតបានបាក់បែកស្ទើរតែទាំងស្រុង ៕
ដោយ៖ ដេវីត