សម្រស់ទឹកធ្លាក់ស្ទឹងពង្រូល ធ្វើឱ្យភ្ញៀវទេសចរមិនចេះជិនណាយ
កោះកុងជាខេត្តមួយ ដែលសម្បូរទៅដោយធនធានធម្មជាតិ សត្វព្រៃ និង តំបន់ ទឹកធ្លាក់ ជាច្រើនកន្លែង ឮមិនចាញ់បណ្តាខេត្តនៅភូមិភាគឥសាន្តឡើយ ពិសេសនៅក្នុងព្រៃស្រោង នៃទឹកដីស្រុកថ្មបាំងនិង ស្រុកស្រែអំបិលដែលជាផ្នែកមួយនៃតំបន់ធម្មជាតិអារែងតែម្តង ។
ទឹកធ្លាក់ស្ទឹងពង្រូល ជាទឹកធ្លាក់មួយ ដែលលាក់ខ្ឡួនក្នុងព្រៃដែលមានទេសភាពដ៏ស្រស់ត្រកាលគួរជាទីគយគន់ក្រៃលែង ដែលបានចូលរួមចំណែកបម្រើឱ្យវិស័យទេសចររបស់ខេត្តនេះផងដែរ ។
ប្រសិនបើភ្ញៀវទេសចរទាំងឡាយចង់ធ្វើដំណើរទៅលេងកម្សាន្តនៅទឹក ធ្លាក់ស្ទឹងពង្រូលនោះគឺមានផ្លូវ ៣ ខ្សែ ដែលត្រូវជ្រើរើស ខ្សែទី១ចូលតាម ស្រុក ស្រែអំបិល និង ២ ខ្សែ ទៀត តាមស្រុក កំពង់សិលាមានចម្ងាយជិត ៣០ គីឡូម៉ែត្រពីផ្លូវជាតិលេខ ៤ ។ ទឹកធ្លាក់ ស្ទឹងពង្រូល ស្ថិតនៅក្នុងព្រៃ ដែលជាផ្នែកមួយនៃតំបន់អារ៉ែង នៅក្នុងឃុំដងពែង ស្រុកស្រែអំបិល ខេត្ដកោះកុង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍នេះផ្ទាល់តែម្តង ។
ទឹកធ្លាក់ស្ទឹងពង្រូលមានផ្ទាំងថ្មធំៗមានសណ្ឋានជាច្រាំងចោទកម្ពស់ជាង ១០ ម៉ែត្រ ដោយមានស្នាមប្រេះឱ្យទឹកហូររិចៗពីដងស្ទឹងពង្រូល តាមក្រហែងថ្មទម្លាក់ខ្លួនចុះក្រោម មើលទៅបែកផ្សែង ត្រជាក់ល្ហឹម បាននឹងកំពុងតែបង្អួតភាពឆើតឆាយរបស់ខ្លួន ដោយបង្កើននូវ ភាពអស្ចារ្យខាងធម្មជាតិ និង ព័ទ្ធជុំវិញតំបន់ទឹកធ្លាក់នេះគឺសម្បូរទៅដោយដើមរុក្ខជាតិ ជាច្រើនប្រភេទធ្វើឱ្យអ្នកទេសចរគ្រប់គ្នាបានគយគន់ ហើយមិនភ្លេចសរសើរពីសម្រស់ធម្មជាតិ នៅទីនោះឡើយ ។ គ្រប់រដូវកាលទឹកធ្លាក់ស្ទឹងពង្រូល មានអំណោយផលល្អណាស់ ដែលបច្ចុប្បន្នខាងមន្ទីរ ទេសចរណ៍ ខេត្តកោះកុង បាន និង កំពុងធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរ មូលដ្ឋានដើម្បី រៀបចំទីនេះឱ្យក្លាយទៅជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិ មួយកាន់តែមានភាពទាក់ទាញ ។ នៅតាមដងស្ទឹងពង្រូលក៏ជាកន្លែងមួយ សម្រាប់ការជួបជុំរបស់ភ្ញៀវទេសចរ ដើរព្រៃ ញ៉ាំអាហារ ពិចនីកយ៉ាងសប្បាយរីករាយ និង ការដើរកម្សាន្តតាមព្រៃភ្នំ ងូតទឹកធ្លាក់យ៉ាងត្រជាក់កាយផងដែរ ។
ស្ទឹងពង្រូលមាន បរិស្ថាន ធម្មជាតិស្រស់ស្អាតគ្រប់រដូវកាល ហើយមិនថា នរណាជា នរណានោះទេ នៅពេលដែលបានទៅដល់ទីនោះហើយ ទោះបីជាមួយម៉ោង ឬ ក៏មួយវិនាទី ក៏ដោយគឺពួកគេសុទ្ធតែបានទទួលនូវកម្រងអនុស្សាវរីយ៍ដ៏សែនមនោរម្យ និង ភាពសប្បាយរីករាយ ។ នៅទីនោះ គេឃើញមានទឹកហូរធ្លាក់លើផ្ទាំងថ្មថ្លាយង់ និង មានដើមរុក្ខជាតិធំតូច ដុះ ប៉ប្រះប្រជ្រៀតគ្នាចោលជាម្លប់យ៉ាងត្រឈឹងត្រឈៃព្រមទាំងមានឮសូរសំឡេងសត្វបក្សាបក្សីយំកំដរមិនចេះនឿយណាយ បង្កើតបានជាបរិយាកាសបែបធម្មជាតិ សម្រាប់អ្នកទេសចរជាតិ និង អន្តរជាតិមិនអាចបំភ្លេចបានឡើយ ។ និយាយរួមអ្វី ដែលមាននៅតំបន់ទឹកធ្លាក់ស្ទឹង ពង្រូល នោះគឺសុទ្ធតែមានលក្ខណៈអំណោយ ពីធម្មជាតិពិតៗដែលប្រតិស្ឋឡើងនៅក្នុងព្រៃ ស្រោង ជាយូរលង់ណាស់មកហើយ ៕
ដោយ ៖សុថាត់