សហគមន៍រលួសធំ ពិតជាមានទេសភាពទាក់ទាញខ្លាំង !
បើទោះបីជាផ្លូវធ្វើដំណើរទៅកាន់សហគមន៍រលួសនៅខេត្តឧត្តរមានជ័យមានចម្ងាយ ឆ្ងាយបន្តិចក្តី ប៉ុន្តែសង្ឃឹម និង ជឿជាក់ថា គោលដៅនៃការធ្វើដំណើរកម្សាន្តរបស់លោកអ្នកនឹងបានស្រស់ស្រាយសប្បាយរីករាយ ដោយការទទួលបាននូវ ចំណីចក្ខុប្លែកៗនៅតាមដងផ្លូវ ដែលស្ថាបនារួចរាល់តភ្ជាប់ពីតំបន់នានាឆ្ពោះទៅកាន់ខេត្តនេះ ពោរពេញទៅដោយអនុស្សាវរីយ៍មួយ ដែលមិនអាចបំភ្លេចបាន ។ ខេត្តឧត្តរមានជ័យមានតំបន់រមណីយដ្ឋានធម្មជាតិ និង ប្រវត្តិសាស្ត្រជាច្រើនដែលមន្ទីរទេសចរណ៍កំពុងតែរៀបចំគម្រោងដើម្បីអភិវឌ្ឍរួមមានទន្លេស អូរអង្ក្រង ចម្ការគុយ ប្រាសាទ សិង្ហ និង ទំនប់ថ្មី អាងត្រពាំង បារាយណ៍ជាដើម។ ក្នុងនោះសហគមន៍ រលួសធំក៏ត្រូវបាន ដំណើរការយ៉ាងរលូន ផងដែរជារៀងរាល់ថ្ងៃមានភ្ញៀវទេសចរជាតិ និង អន្តរជាតិ បានធ្វើដំណើរទៅទស្សនាកម្សាន្តនៅទីនោះជាហូរហែ។
សហគមន៍រលួសធំនេះ ប្រសិនបើយើងមើលមួយភ្លែតអាចច្រឡំថា ជាសណ្ឋានដីផុស នៅបរទេសដោយមិនមាននរណាម្នាក់ជឿថា ទិដ្ឋភាពបែបនេះ មាននៅប្រទេស កម្ពុជាយើងនោះទេ ហើយបើយើងគយគន់បណ្តុំថ្ម និង ដីដុះទាំងនោះ ឃើញដុះឡើងច្រូងច្រាងមានពណ៌ មាស ឆ្អិនឆ្អៅ ដែលហ៊ុម ព័ទ្ធដោយព្រៃរបោះ និង ស្មៅគួរជាទីគយគន់ និង ប្លែកអារម្មណ៍។ សហគមន៍រលួសធំ មានផ្ទៃដីលាតសន្ធឹង ដែលមានទទឹងប្រវែង ៨ គីឡូម៉ែត្រ និង បណ្តោយប្រមាណជា ១០ គីឡូម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុងទឹកដី ភូមិខ្នាចឫស្សី សង្កាត់បន្សាយរ៉ាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅជាប់ព្រំប្រទល់ប្រទេសថៃ ខណ្ឌចែកដោយជួរភ្នំដងរែក ហើយបើគិតពីចម្ងាយផ្លូវ ពីរាជធានីភ្នំពេញទៅទីនោះគឺមានប្រវែង ៤៣៩ គីឡូម៉ែត្រ។
នៅសហគមន៍រលួសធំក៏នៅមានកន្លែង ដែលគួរជាទីគយគន់សម្រាប់ក្រសែភ្នែករបស់អ្នកទេសចរជាច្រើនទៀត ដូចជាទេសភាពជើងភ្នំ វាលស្រែ ចម្ការដំណាំ និង ភូមិឋាន អ្នកស្រុកជាដើម ហើយអ្វីដែលរឹតតែធ្វើឱ្យអ្នកដែលបានទៅដល់ទីនោះកាន់តែជក់ចិត្តដិតអារម្មណ៍ ហើយមិនចង់ឃ្លាតឆ្ងាយនោះគឺការដើរទស្សនាបាតុភូតដីដុះពណ៌មាស ដែលដុះឡើងច្រូងច្រាងដ៏អស្ចារ្យនេះតែ ម្តង។ នៅតំបន់ទេសចរណ៍សហគមន៍រលួសធំពិតជាមានភាពឆើតឆាយទាក់ភ្នែកប្រាកដមែន ដូច្នេះសូមលោកអ្នកដែលនៅមិនទាន់បានធ្វើដំណើរទៅលេងកម្សាន្តនៅសហគមន៍រលួសធំ នាទឹកដីខេត្តឧត្តរមានជ័យនោះ គួរតែជ្រើសរើស ឬ លៃលកយកពេលទំនេរពីការងារនៅថ្ងៃឈប់សម្រាកណាមួយធ្វើដំណើរទៅ កម្សាន្តជាមួយក្រុម គ្រួសារ ឬ ជាមួយមិត្តភក្តិទៅកាន់ទីនោះម្តងមើលថា តើវាមានទេសភាព ស្រស់បំព្រង និង អស្ចារ្យយ៉ាងណាដែរ ?៕
ដោយ ៖សុថាត់