សារ៉េថ្ងៃនៅ? នឹងអាលចប់កូវីដពេលណា ទៅកំពតគេងរីសត ជិះទូកកៃយ៉ាក លម្ហែអារម្មណ៍ម្ដង
ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ខេត្តកំពតគឺជាទឹកដីទេសចរណ៍ធម្មជាតិដ៏ពេញនិយមមួយ សម្រាប់ភ្ញៀវទេសចរ ទៅទស្សនាកម្សាន្ត ធនធានធម្មជាតិស្រស់ត្រកាលជាច្រើនអន្លើ បូកផ្សំនឹងបឹងហ្កាឡូទើបនឹងបង្កើតថ្មីជាបន្តបន្ទាប់ ដែលកំពុងប្រជែងគ្នាបង្អួតសម្រស់ទាក់ទាញឱ្យមហាជនចង់ត្រាច់ចរបរកម្សាន្ត ក្រោយមានការស្រាកស្រាន្តពីការរីករាលដាលជំងឺកូវីដ ។
នៅថ្ងៃនេះ «ប្រជាប្រិយ» សូមលើកយកនូវរីសតមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ដែលមិនត្រឹមតែជាកន្លែងសម្រាកកាយប៉ុណ្ណោះនោះទេ ថែមទាំងមានទេសភាពស្រស់ត្រកាល មិនចាញ់រមណីយដ្ឋាននានាឡើយ ដោយសាងសង់ឡើងបែបធម្មជាតិ ស្ថិតប្របមាត់ព្រែក គួរជាទីមនោរម្យក្រៃលែង ដែលនៅទីនោះគេហៅឈ្មោះថា «ម៉ូលី រីសតកំពត» ។
បើយើងជិះតាមបណ្ដោយផ្លូវទឹកឈូ ហួសស្ពានដែកប្រមាណ ២០០ ម៉ែត្រ ស្ថិតនៅលើផ្លូវទឹកឈូ ក្នុងភូមិអូរតូច ឃុំអណ្ដូងខ្មែរ នៃក្រុងកំពត ប្រិយមិត្តនឹងបានឃើញ «ម៉ូលី រីសតកំពត» ជាស្ថាពរ ដែលនៅទីនោះ មានបន្ទប់គេងស្រស់ស្អាត មានបរិយាកាសល្អបរិសុទ្ធ ជាកន្លែងដែលប្លែកស្អាតនៅក្នុងខេត្ត ដែលមានខ្យល់ធម្មជាតិបរិសុទ្ធ មានទីធ្លាធំទូលាយ អាចបោះតង់ អាំងសាច់ជាប់មាត់ទឹក និង ជិះទូកលេងលម្ហែអារម្មណ៍ គ្រវែងចោលនូវរឿងដែលមិនសប្បាយចិត្តទាំងឡាយ ។
បើនិយាយពីសេវាកម្មវិញ នោទីនោះ មានកន្លែងគេង ប្រកបដោយផាសុកភាព ថែមទាំងមាន Free ចង្ក្រាន និង ធ្យូងសម្រាប់អាំងសាច់ ហើយភ្ញៀវក៏អាចយកអាហារពីខាងក្រៅទៅញ៉ាំបានដែរ ។ ចំពោះកន្លែងស្នាក់នៅវិញ មានជាប្រភេទបន្ទប់ និង វីឡា ជាដើម ដែលថ្មីៗនេះកន្លែងមួយនេះ ភ្ជាប់មកជាមួយការបញ្ចុះតម្លៃ ៥០% មិនធ្លាប់មានពីមុនមក សម្រាប់ ៥ បន្ទប់ដំបូង ៕