ចង់ដឹងពីប្រវត្តិ របាំព្រះរាជទ្រព្យទេ ?
របាំព្រះរាជទ្រព្យគឺជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ព្រះរាជាណាចក្រកម្ពុជាតែមួយគត់ ដែលបានថែរក្សានាដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់មកហើយ ។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះ មានភាពល្បីល្បាញខាងមានកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។
បើយោងតាមឯកសារមួយចំនួនបានសរសេរថា របាំព្រះរាជទ្រព្យនៃព្រះរាជាណាចក្រកម្ពុជា គឺជាអ្នកថែរក្សាប្រពៃណីនាដកម្មបុរាណខ្មែរ ដែលជាចំណែកមួយយ៉ាងជិតស្និទ្ធនៃក្រុមបរិពាររបស់មហាក្សត្រអស់រយៈពេលជាងមួយពាន់ឆ្នាំកន្លងមកហើយ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទ ដូចជា៖ តួនាង (ស្រី) តួនាយរង (ប្រុស) តួយក្ស (សភាវៈអាក្រក់) តួស្វា (សត្វ) ដោយតួអង្គនិមួយៗមានលក្ខណៈ និង មានពណ៌ដោយឡែកៗពីគ្នា មានការស្លៀកពាក់ ការលាបម្សៅ ការតុបតែងខ្លួន ទាំងក្បាំងមុខ និង កាយវិការផ្ទាល់ខ្លួនផងដែរ ។ កាយវិការ និងក្បាច់រាំទាំងនេះ នាដករត្រូវហាត់រៀនយ៉ាងសកម្ម និង ស្ទាត់ជំនាញ អស់រយៈ ពេលជាច្រើនឆ្នាំ ទើបចេះចាំ មានអត្ថន័យដូចជាការរំជួលចិត្តនានា ការភ័យភិត ស្នេហា ការសប្បាយរីករាយ ឬ ការខឹងសម្បាជាដើម ។
របាំព្រះរាជទ្រព្យ ជារបាំក្បាច់បុរាណខ្មែរ ដែលជាទម្រង់សិល្បៈសក្ការៈ (សិល្បៈ ទេវៈ) មួយដែលមានវ័យ ចំណាស់ ដ៏យូរលង់ណាស់មកហើយ នៅក្នុងចំណោម ទម្រង់សិល្បៈសក្ការៈ ហើយក៏ជាទម្រង់សិល្បៈ ដែលមានតម្លៃពិតខាងស្មារតី និង ខាងបច្ចេកទេសកំរិតខ្ពស់ក្នុងចំណោមទម្រង់សិល្បៈ ទស្សនីយភាព នៅកម្ពុជា ។ កាលដើមឡើយ នាសម័យមហានគរ នាដការ នាដការិនី ប្រចាំប្រាសាទមានតួនាទី សម្រាប់ រាំ ឧទ្ទិសដល់អទិទេព ឬ រាំថ្វាយទេវៈរាជា គឺជា និរសាសន្តិភាព ពីស្ថាន មនុស្សលោក ទៅស្ថានទេវតា និង ជាសិល្បការិនីសន្តិភាព ឬ ជាសន្តិភាវការិនីខាង ផ្លូវដួងចិត្ត គំនិត ដែលធ្លាប់បានរាំផ្សព្វផ្សាយពី សីលធម៌ និង គុណធម៌ ដើម្បីសុំសេចក្តីសុខ សន្តិភាព អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ គេអាចសន្និដ្ឋានបានថា ទម្រង់ក្បាច់បុរាណខ្មែរ របាំព្រះរាជទ្រព្យ គឺជាទម្រង់របាំស្ត្រី ព្រោះកាលដើមឡើយ អ្នកសម្តែងតួអង្គមានបួន៖ តួនាង (ស្ត្រី) តួនាយរោង (បុរស) តួយក្ស និង តួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះ ដែលសម្តែងដោយប្រុសៗ។ ក្រោយមក ដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗ រហូតមកដល់សព្វថ្ងៃនេះ ។
របាំព្រះរាជទ្រព្យ របាំក្បាច់បុរាណខ្មែរ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និង មនោសញ្ចោតនាយ៉ាងប៉ិនប្រសប់ទៅតាមការវិវត្តន៍នៃសាច់រឿង ដែលរៀបរាប់បញ្ជាក់ដោយទំនុកច្រៀង នៃក្រុមចម្រៀង ជាពួក (ជហៀរាលេ) ដែលមាន តួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ ដែលមានតួនាទីប្រគំជូនរបាំនេះផងដែរ។
របាំព្រះរាជទ្រព្យនេះ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០០៣ ៕ ចំណូល