ទៅលេងខេត្តកំពត កុំភ្លេចឆៀងចូលទៅងូតទឹកលេង នៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ខៀវ
បើលោក អ្នកបានទៅលំហែរកាយនៅខេត្តកំពតនោះ លោក អ្នកគួរតែឆៀងចូលទៅ កម្សាន្ត នៅទឹកធ្លាក់ អន្លង់ខៀវ វាពិតជាធ្វើឱ្យលោក អ្នកមានអារម្មណ៍ប្លែកជាពុំខាន ។
ដើម្បីធ្វើដំណើរទៅកាន់ទឹកធ្លាក់ អន្លង់ខៀវយើងគ្រាន់តែ ធ្វើដំណើរពីស្ពានថ្មីខេត្តកំពតប្រមាណជា ៣០ គីឡូម៉ែត្រ តាមផ្លូវទៅ វាលរេញ នៅទីនោះមានទេសភាពស្រស់ស្អាត ទឹកថ្លា អាចហែលលេងកម្សាន្តបាន ដែលមានទីតាំងនៅក្នុងព្រៃតែម្តង ដូច្នេះពេលធ្វើដំណើរចូលទៅដល់ច្រកចូលខាងក្នុង ត្រូវសួររកក្មេងៗក្នុងភូមិ ឱ្យជួយនាំផ្លូវទៅកាន់អន្លង់ខៀវ ព្រោះគ្មានផ្លូវចូលទេ គឺដើរកាត់ព្រៃ និង ផ្ទាំងថ្ម ទើបទៅដល់ ។
អន្លង់ខៀវជាអាងទឹកធម្មជាតិ ដ៏ថ្លាយង់ ពណ៌ខៀវស្រងាត់ និង ត្រជាក់ស្រេង ដែលមានទីតាំងស្ថិតនៅផ្នែកខាងលើនៃសហគមន៍ទេសចរណ៍ធម្មជាតិព្រែកត្នោត ឬ អន្លង់ធំ ស្ថិតនៅក្នុង ភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ៕
ដោយ ៖សុថាត់