៧ កន្លែងនៅកំពត មានលក់អាហារឆ្ងាញ់ៗ ទៅហើយមិនបានចូល ច្បាស់ជាស្ដាយក្រោយ
ស្ថិតនៅចំងាយប្រមាណជិត ១៥០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តកំពត មិនត្រឹមតែជាភូមិសាស្ត្រសម្បូរទៅដោយកន្លែងទេសចរណ៍ធម្មជាតិសម្បូរបែបនោះទេ តែក៏ជាតំបន់ដែលមានលក់នូវអាហារឆ្ងាញ់ៗ ប្លែកៗនៅក្នុងតំបន់ ដែលទាក់ទាញចិត្តភ្ញៀវទេសចរដែលធ្លាប់ បានញ៉ាំអាហារនៅទីនោះ នឹករឭករសជាតិ ចង់ទៅញ៉ាំម្ដងទៀតក្រោយស្រាកស្រាន្តពីកូវីដ ។
ជាក់ស្ដែងតាមរយៈផេកមួយដែលមានឈ្មោះថា Food Journey បានបង្ហាញទីតាំងអាហារសាមញ្ញៗ តែមានរសជាតិឆ្ងាញ់ចំនួន ៧ កន្លែង ស្ថិតនៅក្នុងខេត្តកំពត ដែលមានដូចជា ៖
១. នំប៉័ងអាំង ជិតរង្វង់មូលទុរេន
នំប៉័ងអាំងនេះ ត្រូវបានគេលក់នៅតាមរទេះ ស្ថិតនៅជិតរង្វង់មូលទុរេន នៃខេត្តកំពតផ្ទាល់តែម្ដង ថ្វីដ្បិតតែរសជាតិប្រៀបមិនបានអាហារផ្កាយប្រាំ តែនំប៉័ងអាំងនៅទីនោះ ពិតជាមានរសជាតិឆ្ងាញ់ប្លែកពិសេស ដែលរកទិញញ៉ាំនៅកន្លែងផ្សេងមិនបាន ។
២. នំបញ្ចុកទឹកម្ហិចកំពត
នំបញ្ចុកនេះ មានទីតាំងនៅលើផ្លូវជាតិលេខ ៣ ហួសផ្លូវរថភ្លើង ១០ ម៉ែត្រ រួចបត់ឆ្វេង ២០០ ម៉ែត្រ នឹងទៅដល់តូបជាច្រើន ដែលមានលក់នំបញ្ចុកប្រភេទនេះ ដែលជារសជាតិតំណាងឱ្យអ្នកខេត្តកំពត ។
៣. គួង ណែម និង ឆៃយ៉
អាហារ ៣ មុខនេះ មានលក់នៅក្នុងផ្សារសាមគ្គី ខេត្តកំពត ដែលមានលក់ចាប់ពីម៉ោង ២ រសៀលទៅ និង អាចអាចនៅខ្ទង់ម៉ោង ៥ ល្ងាច ។
៤. ណែមសាច់បង្គារ
អាហារមួយមុខនេះគឺមានលក់នៅក្នុងផ្សារផ្ទាល់តែម្ដង ហើយបើនិយាយពីរសជាតិវិញ គឺឆ្ងាញ់គ្មានពីរ ជាទីពេញនិយមសម្រាប់អ្នកចូលចិត្តញ៉ាំ និង ចូលចិត្តភ្លក់អាហារទាំងឡាយ ។
៥. លតប្រហិតត្រី
អាហារមួយមុខនេះ អាចរកទិញបាននៅ ជិតរង្វង់មូលធូរ៉េន ស្ថិតនៅក្រោយការ៉ាស់សាំង Sokimix ។ បើនិយាយពីរសជាតិវិញគឺថាកប់សារី ហើយតម្លៃក៏ធូរថ្លៃសមរម្យផងដែរ ។
៦. នំចានប្រៃ – ផ្អែម
ប្រិយមិត្តមួយចំនួនតូច ប្រហែលជាពុំដែលស្គាល់ទេ តែសូមធានាថា នំនេះពិតជាឆ្ងាញ់មែនទែន ដែលវាមានលក់នៅ ក្នុងផ្សារខេត្តកំពតផ្ទាល់តែម្ដង ។
៧. បាយឆាក្ដាម
ម្ហូបមួយមុខនេះ ថ្វីត្បិតតែសាមញ្ញ តែវាមានរសជាតិឆ្ងាញ់នេះ ដោយសារឆាជាមួយនឹងក្ដាមស្រស់ៗ ហើយមានតម្លៃសមរម្យ ថែមទាំងបរិមាណច្រើនទៀត ។ ប្រិយមិត្តអាចចូលទិញ និង ញ៉ាំបាននៅជាប់រង្វង់មូលទឹករលក ខេត្តកំពត ៕
រូបភាពដោយ ៖ Food Journey