ត្មាតប៉ើយ សហគមន៍ទេសចរធម្មជាតិពិតៗ
ពីមុនមកគេមិនសូវដែលស្គាល់ឈ្មោះ សហគមន៍ទេសចរធម្មជាតិ ត្មាតប៉ើយនេះឡើយ ប៉ុន្តែកេរ្តិ៍ឈ្មោះសហគមន៍ទេសចរណ៍ធម្មជាតិត្មាតប៉ើយ ត្រុវបានគេស្គាល់យ៉ាងច្រើនតាមរយៈភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ទៅទស្សនាសត្វត្រយ៉ងយក្ស និង ត្រយ៉ងចង្កំកស ដែលជាប្រភេទដ៏កម្រ និង ជិតផុតពូជបំផុតនៅលើសាកលលោក ។
សហគមន៍ទេសចរធម្មជាតិ ត្មាតប៉ើយ មានទីតាំងស្ថិតនៅ ភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តំបន់ការពារធម្មជាតិត្មាតប៉ើយ មានផ្ទៃដីទំហំ ១ ៧៦០ ហិកតា ។ ហើយបច្ចុប្បន្ននេះ សត្វព្រៃ សំខាន់ៗ នៅក្នុងសហគមន៍ត្មាតប៉ើយនេះ មានប្រមាណជា ១០ ប្រភេទ ក្នុងនោះមាន សត្វត្រយងចង្កំកស សត្វត្រយងយក្ស និង សត្វក្រៀល ជាដើម ដែលក្នុងមួយឆ្នាំសហគមន៍នេះទទួលបានភ្ញៀវទេសចរ ដែលសុទ្ធសឹងតែជាជនជាតិបរទេសមានចំនួនជាង ២០០ នាក់ ហើយចំណូលដែលបានមកពីទេសចរនោះគឺ សម្រាប់ទុកយកទៅធ្វើការអភិវឌ្ឍសហគមន៍វិញ ។
លោក ឌឹប អោន ប្រធានសហគមន៍ទេសចរធម្មជាតិត្មាតប៉ើយនេះបានឱ្យដឹងថា ដើម្បីការពារព្រៃឈើ និង សត្វព្រៃឱ្យបានគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយ លោកបានសម្រេចចិត្តចូលរួមជាមួយសហគមន៍ទេសចរ ធម្មជាតិ ត្មាតប៉ើយ ដើម្បី ចុះល្បាតព្រៃ និង រៀបចំ ការអប់រំអ្នកភូមិអំពីសារៈសំខាន់ព្រៃឈើ និង សត្វព្រៃ ។
បច្ចុប្បន្ននេះអង្គការអភិរក្សសត្វព្រៃ (WCS) កំពុងធ្វើការងារជាមួយប្រជាសហគមន៍នៅក្នុង ភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីអភិរក្សសត្វនៅក្នុងតំបន់អេកូទេសចរណ៍នៅភូមិត្មាតប៉ើយនេះ ដែលសហគមន៍បានចូលរួមការពារសត្វនៅក្នុងតំបន់នេះផ្ទាល់ ពោល គឺផ្លាស់ប្តូរពួកគាត់ពីអ្នកប្រកបរបរបាញ់សត្វព្រៃ មកជាអ្នកអភិរក្សយ៉ាងសកម្មវិញ ៕
ដោយ ៖ សុថាត់