ទឹកធ្លាក់ក្បាលដំរីមានទេសភាពស្អាតប្លែក !
បើសិនជាលោកអ្នកចូលចិត្តដើរកម្សាន្តព្រៃភ្នំនោះ ពេលទៅដល់ទឹកដីនៃខេត្តប៉ៃលិនហើយ សូមកុំភ្លេច ទៅដើរកម្សាន្ត នៅទឹកធ្លាក់ក្បាលដំរី ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។ នៅទីនោះមានទេសភាពធម្មជាតិដ៏ស្រស់ត្រកាល ទឹកហូរធ្លាក់ពីលើកំពូលភ្នំគួរឱ្យចង់ គយគន់ក្រៃលែង ។
ទឹកធ្លាក់ក្បាលដំរី ឬ ទឹកធ្លាក់ក្បាលអូរច្រានេះ ស្ថិតនៅក្នុងឃុំ ទួលល្វា ខណ្ឌប៉ៃលិន ខេត្តប៉ៃលិន ដោយលោកអ្នកគ្រាន់តែចេញដំណើរពីរីស៊ត Memoria Palace ដែលស្ថិតនៅក្នុង ភូមិ រោងចក្រ សង្កាត់ បយ៉ាខា ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន រយៈពេលមួយម៉ោងនោះនឹងបានទៅដល់ទឹកធ្លាក់ក្បាលដំរី ។
ដើម្បីទៅដល់ទីនោះ លោកអ្នកអាចធ្វើដំណើរជាមួយអ្នកនាំផ្លូវរបស់ រីស៊ត Memoria Palace ក៏បាន ឬ ក៏ធ្វើដំណើរដោយថ្មើរជើងខ្លួនឯងក៏បាន ។ នៅតាមដងផ្លូវធ្វើដំណើរលោកអ្នកនឹងបានឃើញ ចំការដំណាំ ឈើហូបផ្លែ ផ្កាព្រៃ និង ធម្មជាតិព្រៃប្រឹក្សា យ៉ាងស្រស់ត្រកាល ។ ពេលទៅដល់ចំណុចទឹកធ្លាក់លោកអ្នករិតតែបានឃើញនូវទិដ្ឋភាពដ៏អស្ចារនៃទឹកធ្លាក់ពីលើទីខ្ពស់នៃកំពូលភ្នំមកក្រោម បង្កើតបានជាទស្សណីយភាពមួយគួរឱ្យទាក់ទាញក្រៃលែង ។
ក្រោយពីងូតទឹកធ្លាក់យ៉ាងសប្បាយរីករាយ និង ថតរូបទុកជាអន្ស្សវរីយហើយនោះ លោកអ្នកក៏បានពិសារអាហារយ៉ាងឆ្ងាញ់ពិសារ នៅក្រោមម្លប់ដើមឈើយ៉ាងត្រជាក់ចិត្ត ។ ពេលពិសាបាយរួច លោកអ្នកក៏អាចសម្រាកបន្តិចរួចស្តាប់សម្លេងបក្សាបក្សីយំយ៉ាងពីរោះរន្តំចិត្ត រួចក៏វិលត្រឡប់មករកកន្លែងសម្រាកវិញ ៕
ដោយ៖ សុថាត់