សមុទ្រស្មៅតំបន់ទេសចរណ៍បៃតង ដ៏ស្រស់បំព្រងនៅមណ្ឌលគីរី
សមុទ្រស្មៅគឺជាតំបន់ទេសចរណ៍បៃតងដ៏ស្រស់បំព្រង ដែលមានការទាក់ទាញបំផុត សមុទ្រស្មៅនេះមានទីតាំងនៅតំបន់ខ្ពង់រាប នាភាគឦសានប្រទេសកម្ពុជា គឺនៅម្តុំចំការស្រល់ នៅតាមដងផ្លូវ មុននឹង ទៅដល់ក្រុងសែនមនោរម្យ ដែលមានចម្ងាយប្រមាណជា ៤ ទៅ ៥ គីឡូម៉ែត្រ ។
នៅសមុទ្រស្មៅនេះ ភ្ញៀវទេសចរចូលចិត្តទៅលំហែកាយ ស្រូបយកខ្យល់អាកាសពេលព្រឹក និង ពេលល្ងាច ។ នៅពេលភ្ញៀវទេសចរបានទៅដល់តំបន់រមណីយដ្ឋាន សមុទ្រស្មៅភ្លាម គឺគ្រប់ភ្ញៀវទេសចរទាំងអស់ ប្រាកដជានឹងបានសប្បាយ ហើយឈ្លក់វង្វេងជាមួយនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រងនៅទីនោះ ជាក់ជាមិនខាន ។
សមុទ្រស្មៅគឺជាឈ្មោះកន្លែងកម្សាន្ត បែបធម្មជាតិមួយ ដែលអ្នកស្រុក និង ភ្ញៀវទេសចរនិយមហៅ ព្រោះកន្លែងនោះអាចជួយលួងលោមបំបាត់នូវភាពនឿយហត់របស់ភ្ញៀវទេសចរយ៉ាងប្រាកដ ។ ប្រសិនបើយើងក្រឡេកមើលទៅកាន់តែឆ្ងាយនោះ ឃើញថា វារឹតតែគួរឱ្យអស្ចារ្យណាស់ សម្រាប់ជាចំណីចក្ខុរបស់ភ្ញៀវទេសចរ ដែលបានមកដល់វាលស្មៅដ៏ខៀវខ្ចី នាដើមរដូវវស្សានេះ ។
នៅតំបន់រមណីយដ្ឋាន សមុទ្រស្មៅនេះ មានទេសភាពស្រស់បំព្រងគ្រប់រដូវកាល សមុទ្រស្មៅ វាបានប្តូរពណ៌ដើម្បីបំពេញចំណង់ចំណូលចិត្តភ្ញៀវទេសចរ គឺនៅរដូវវស្សា វាមានពណ៌បៃតងខ្ចី ហើយនៅរដូវប្រាំងវិញ វាបានប្តូរទៅជាពណ៌មាសគួរឱ្យទាក់ទាញមួយបែបទៀត ៕
ដោយ ៖សថាត់ (រូបថត មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី)