អស្ចារ្យណាស់! ទិដ្ឋភាពបឹងយក្សម៉ាយ នារដូវវស្សាថតពីលើអាកាស មានរាងដូចភ្នែកមនុស្ស
ស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងចម្ងាយប្រមាណ ៥៨៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ខេត្តរតនគិរី ជាខេត្តមួយសម្បូរទៅដោយតំបន់ខ្ពង់រាប ប្រកបទៅដោយទេសភាពត្រជាក់ភ្នែក មានព្រៃឈើ វាលស្មៅជាកម្រាលព្រំពណ៌បៃតងវែងអន្លាយដាច់កន្ទុយភ្នែកនាវស្សានរដូវ រួមទាំងមានបឹងធម្មជាតិធំៗជាច្រើនផងដែរ ។
បើយើងធ្វើដំណើរចេញពីទីរួមខេត្តរតនគិរីប្រមាណជា ៧០ គីឡូម៉ែត្រ ឆ្ពោះទៅកាន់ភូមិកែងសាន់ ឃុំសេដា ស្រុកលំផាត់ ប្រិយមិត្តនឹងទៅដល់បឹងធម្មជាតិមួយ ដែលមានទស្សនីយភាពស្អាតខ្លាំងកម្រប្រទះនោះគឺ «បឹងយក្សម៉ាយ» ។ «បឹងយក្សម៉ាយ» ជាទីឋានសួគ៌ាក្រោមមេឃមួយ ដែលប្រកបទៅដោយទេសភាពស្រស់ស្អាត ទឹកថ្លាយង់យល់ដី មានព្រៃព្រឹក្សាលតាវល្លិ៍ហ៊ុមព័ទ្ធជុំវិញខៀវស្រងាត់ ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត «បឹងយក្សម៉ាយ» មានរូបរាងដូចជាភ្នែករបស់មនុស្ស ដែលជាចម្ងល់មួយធ្វើឱ្យមនុស្សទាំងឡាយទាំងពួងឆ្ងល់ថា ហេតុអ្វីបានជាបឹងធម្មជាតិមួយនេះប្រតិស្ឋានហាក់បីដូចជាភ្នែករបស់មនុស្សយ៉ាងរស់រវើកបែបនេះទៅវីញ ?
បើនិយាយពីពាក្យ យ៉ាក់ ឬ យ៉ាក មានន័យថា យាយ ក្នុងភាសាជនជាតិដើមទំពួន នៅរតនគិរី តែក្រោយៗមកប្រជាជននៅភាគកណ្តាលបានក្រឡៃឈ្មោះដើមរបស់ម្ចាស់ស្រុក ។ តាមពិត យ៉ាក់ម៉ាយ មានន័យ បឹងយាយម៉ាយ មិនមែនយក្សម៉ាយទេ តែដោយសារមនុស្សជំនាន់ក្រោយ ហៅកាឡៃពាក្យដើមនោះទៅជា យា តៗគ្នាទៅ ក៏ក្លាយជា «បឹងយក្សម៉ាយ» ទៅ ហើយកន្លងមកក៏មានបណ្តាមហាជនមួយចំនួនមានការភាន់ច្រឡំ «បឹងយក្សាម៉ាយ» ថាជា «បឹងយក្សឡោម» ផងដែរ ៕
រូបភាពដោយ ៖ Panharoth Kim