ឆ្នេរកោះកុងក្រៅមានទេសភាពស្អាត់អស់ទាស់ !
កោះកុងក្រៅ ជាដែនកោះ ដែលធំជាងគេបង្អស់នៅក្នុងប្រទេសកម្ពុជាហើយនោះ ក៏ជាកោះដែលមានឆ្នេរដ៏ស្រស់ស្អាត ផុសនៅកណ្ដាលផ្ទៃមហាសាគរ និង មានទឹកថ្លាពណ៌ខៀវស្រងាត់ ដែលគេហៅឈ្មោះម្យ៉ាងទៀតថា កោះមូល ។
កោះកុងក្រៅនេះ មានឆ្នេខ្សាច់ពណ៌សថ្លាវែងអន្លាយជាប់ជាមួយផ្ទាំងថ្មធំ តូច ដុះអមជាប់ជាមួយវាលខ្សាច់ រួមជាមួយក្លិនផ្កាឈើព្រៃនៅជុំជិតទីនោះ ដែលតែងតែធ្វើឱ្យការកម្សាន្តរបស់លោក អ្នកទៅកាន់ឆ្នេរកោះមួយនេះ រិតតែទទួលបានផាសុខភាពក្រៃលែង ។
កោះកុងក្រៅ មានបណ្ដោយប្រវែង ២២ គីឡូម៉ែត្រ ទទឹង ៧ គីឡូម៉ែត្រ ស្ថិតនៅស្រុកគិរីសាគរ មានចម្ងាយ ២៤ គីឡូម៉ែត្រពីក្រុងខេមរភូមិ ។ កោះកុងក្រៅនេះ មានកូនភ្នំជាច្រើន ដែលពោរពេញទៅដោយសម្រស់ធម្មជាតិយ៉ាង ស្រស់បំព្រង មានកន្លែងទឹកធ្លាក់ចំនួន ១០ កន្លែង និង មានឆ្នេរសម្រាប់កម្សាន្តមុជទឹកសមុទ្រ ចំនួន ៦ កន្លែង ។
ជាមួយការទៅកម្សាន្តនៅទីនោះ ភ្ញៀវគ្រប់រូបនឹងអាចងូតទឹកលេងកម្សាន្ត ជាមួយទឹកធ្លាក់ ដែលហូរចុះ ទៅសមុទ្រ តាមជ្រលងភ្នំធំតូច ឆ្លងកាត់ប្រទាក់ក្រឡាគ្នា ដែលអ្នកស្រុក នៅទីនោះច្រើនហៅថា អាល់ហ្ស៊ែន ជាតំបន់មួយដែលមានទឹកសាបហូរពីលើទឹកសមុទ្រ ។
នៅជិតៗកោះកុងក្រៅនោះ គេក៏អាចជិះទូកកម្សាន្តប្រជុំកោះ ដែលនៅជិតៗនោះ មានកោះតូចៗជាច្រើនដូចជា កោះស្ដេច កោះខ្មោច កោះអណ្ដើក កោះក្រសា ពយជប៉ុន ដែលសុទ្ធតែជាកន្លែងកម្សាន្ត ដ៏មាន ផាសុខភាព ឬ មួយក៏អាចកម្សាន្ដនៅបាតសមុទ្របានដែរ ដោយការមុជទឹកទស្សនាផ្កាថ្ម និង ត្រីសមុទ្រដ៏ច្រើនសន្ធឹកសន្ធាប់ ព្រោះជាកន្លែង ដែលជលផលភិរក្សសម្រាប់ ត្រីសមុទ្រ គ្រប់ប្រភេទ ៕
ដោយ៖ សុថាត់