ចាំតែកូវីដស្ងប់ទេ! ទៅ «ខ្ទមលំហែ» ភ្នំក្រោមមុនគេ គយគន់ទេសភាពបែបស្រុកស្រែ ពេលថ្ងៃរៀបលិច
សៀមរាប ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជាជាប់បឹងទន្លេសាប និង ជាខេត្តប្រកបទៅដោយសក្តានុពលទេសចរខ្ពស់ សម្បូរទៅដោយប្រាង្គប្រាសាទបុរាណយ៉ាងច្រើនសម្បូរបែប និង តំបន់ទេសចរប្រកបទៅដោយទេសភាពស្រស់ត្រកាលច្រើនអនែក ជាទិសដៅយ៉ាងសំខាន់ដែលប្រិយមិត្តមិនគួរមើលរំលង ។
ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំប្រិយមិត្តឱ្យស្គាល់រមណីយដ្ឋានកែច្នៃដ៏ថ្មីសន្លាងមួយទៀត មានទីតាំងជាប់បឹងទន្លេសាបមានឈ្មោះ «ខ្ទមលំហែ» ដែលទីតាំងនេះ បាន និង កំពុងត្រៀមខ្លួនទទួលស្វាគមន៍ភ្ញៀវទេសចរឱ្យចូលទៅទស្សនាកម្សាន្ត ។
បើយើងធ្វើដំណើរប្រមាណជា ១២ គីឡូម៉ែត្រ ចេញពីក្រុងសៀមរាប នោះប្រិយមិត្តនឹងទៅដល់រមណីយដ្ឋានកែច្នៃ «ខ្ទមលំហែ» នៅជាប់ជើងភ្នំប្រាសាទភ្នំក្រោមមិនខាន ដែលស្ថិតនៅភូមិមួយមានឈ្មោះភូមិពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។ «ខ្ទមលំហែ» ជាទីកម្សាន្តមានទេសភាពស្រុកស្រែស្អាតកម្រប្រទះ រំលេចទៅដោយសួនផ្កាចម្រុះពណ៌ដុះជ្រៀតគ្នាប្រជែងសម្រស់បង្អួតភ្នែកភ្ញៀវទេសចរ បន្ទាប់ពីបានទស្សនាហើយរសាយអស់រាល់ទុក្ខកង្វល់ទាំងឡាយ ។
មិនត្រឹមតែប៉ុណ្ណោះ «ខ្ទមលំហែ» ក៏អាចទទួលស្វាគមន៍ភ្ញៀវឱ្យចូលទៅទស្សនាជាលក្ខណៈគ្រួសារ គូស្នេហ៍ ឬ ក្រុមការងារក៏បាន ហើយថែមទាំងមានប្លង់ថតរូបស្អាតៗផងដែរ ។ បន្ថែមលើសពីនេះ ភ្ញៀវទាំងឡាយក៏អាចអង្គុយទទួលទានអាហារនៅក្នុងខ្ទម គយគន់ទេសភាព ស្រូបយកខ្យល់បរិសុទ្ធ ទស្សនាថ្ងៃលិច ជាដើម ៕
រូបភាបដោយ ៖ ខ្ទមកំហែ ភ្នំក្រោម