ទៅខេត្តមណ្ឌលគិរី កុំភ្លេចចូលទស្សនាសួនសត្វធម្មជាតិ
បើទោះបីជាខេត្តមណ្ឌលគិរីសម្បូរសត្វគ្រប់ប្រភេទរស់នៅច្រើនយ៉ាងណាក្តី ប៉ុន្ដែថ្មីៗនេះ វិស័យឯកជនបានបង្កើតសួនសត្វលើផ្ទៃដីទំហំ ១០ ហិកតា ដើម្បីចិញ្ចឹមអំបូរសត្វព្រៃមួយចំនួនបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការទស្សនា ក៏ដូចជាចូលរួមអភិរក្សអំបូរសត្វព្រៃ ដែលខ្លះមាននៅសល់តិចតួច ក្នុងដែនព្រៃការពារក្នុងខេត្តនេះ ។
សួនសត្វនេះ បានបង្កើតឡើងរយៈពេលពីរមកនាំហើយ និង បានចិញ្ចឹមសត្វព្រៃប្រមាណជា ៥ ប្រភេទ ដែលមានចំនួនរាប់រយក្បាល ក្រោមការជួយឧបត្ថមគាំពារពីមូលនិធិ មយូរ៉ា ការពារសត្វព្រៃ ដើម្បីចូលរួមអភិរក្ស នឹងការពារពូជសត្វព្រៃក្នុងខេត្តមណ្ឌលគិរី ដែលមានទីតាំងនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ។ លោក ហេង តូច អាយុ ៤៣ ឆ្នាំ បានឱ្យដឹងថា សួនសត្វនេះបានបង្កើតឡើងជិតពីរឆ្នាំមកហើយ ដោយបានចិញ្ចឹមសត្វព្រៃចំនួន ៥ ប្រភេទ លើទំហំផ្ទៃដី ១០ហិកតា ហើយមាន អ្នកមើលថែចំនួន ៤ នាក់ ។
សួនសត្វនេះបង្កើតឡើង ដោយស្ថិតក្រោមការគ្រប់គ្រងរបស់មូល និធិ មយូរ៉ា ការពារ សត្វព្រៃ ដើម្បីចូលរួមអភិរក្ស និង ការពារពូជសត្វព្រៃ ដែលកំពុងរងការ គំរាមកំហែងរាល់ថ្ងៃពីការ បាញ់សម្លាប់ ឬ កត្តានានា ដែលបណ្តាលឱ្យសត្វទាំងនេះ ឈានទៅរកភាពវិនាសផុតពូជ ។
ទន្ទឹមនឹងនេះ ការចិញ្ចឹមនេះ ក៏សម្រាប់ទុកឱ្យប្រជាពលរដ្ឋ ជាពិសេស គឺក្មេងៗជំនាន់ក្រោយបានស្គាល់សត្វព្រៃដែលមានវត្តមាន នៅប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សួនសត្វព្រៃ ខាងលើមានការចិញ្ចឹមប្រភេទសត្វខុសៗគ្នា ដូចជាប្រើសមាន ចំនួន ៥ ក្បាល ប្រើសផ្កាយចំនួន ៣០ ក្បាល ក្តាន់ចំនួន ៨ ក្បាល ឈ្លូលចំនួន ៣ ក្បាល ជ្រូកព្រៃចំនួន ១០០ ក្បាល ផងដែរ ។
លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានមានប្រសាសន៏ថា ការចិញ្ចឹមសត្វនេះ វាមានសារៈសំខាន់ណាស់ ព្រោះវាជាការរួមចំណែកក្នុងការអភិរក្សសត្វព្រៃនៅក្នុងខេត្ដរបស់យើង ។ តំបន់នេះ ជាតំបន់ទេសចរណ៍ អ៊ីចឹង បើក្រៅតែពីការដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋានហើយនោះ វាអត់មានអីក្រៅពីទស្សនាមើលព្រៃ មើលសត្វអ៊ីចឹង វាអាចធ្វើឱ្យមានផលប្រយោជន៍ដល់វិស័យទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរក្នុងខេត្តមណ្ឌលគិរីយើងនេះ ។
ខេត្ដនេះ ជាតំបន់ដែនជម្រកសត្វព្រៃ ប៉ុន្តែ អាជ្ញាធរនៅមិនទាន់បានរៀបចំជាកន្លែងសួនសត្វណា ដើម្បីឱ្យភ្ញៀវមើល ហើយអ្វីដែលជាការរៀបចំចិញ្ចឹមនូវសត្វគ្រប់ប្រភេទកន្លងមកនេះ បានធ្វើឱ្យមានការចាប់អារម្មណ៏ ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិមួយចំនួនទៅកម្សាន្តជាប់ជាប្រចាំ ។
ការបង្កើតសួនសត្វនេះ មន្ទីរបរិស្ថានខេត្ដ ក៏បានសម្តែងនូវការគាំទ្រលើដំណើរការនៃសួនសត្វនេះដែរព្រោះវាបានចូលរួមចំណែកលើការគាំពារអំបូរសត្វព្រៃកម្រ និង បានចូលរួម ចំណែកទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិ ចូលមកទស្សនាបន្ថែមធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្តនេះកាន់តែមានការរីកចម្រើន ៕
សុថាត់