ទៅខេត្តពោធិសាត់ កុំភ្លេចទៅលំហែកាយនៅកោះសំពៅមាស
បើយើងបានធ្វើដំណើរទៅដល់ទឹកដីនៃ ខេត្តពោធិសាត់ ហើយបានសម្រាក់លំហែកាយនៅក្រុងពោធិសាត់នោះ ក៏គួរកុំភ្លេចទៅលំហែកាយនៅលើកោះសំពៅមាស ព្រោះនៅទីនោះ មានអាកាសធាតុធម្មជាតិ ដ៏ស្រស់ត្រកាល ដែលយើងកម្ររកទីណាមកប្រៀបប្រដូចបានណាស់ ។
កោះសំពៅជាកោះបុរាណមួយ ដែលដុះនៅកណ្តាលស្ទឹងពោធិសាត់ នៅទល់មុខសាលាខេត្តពោធិសាត់តែម្តង ដែលមានការរៀបចំយ៉ាងស្រស់ស្អាត ។ កោះសំពៅមាសនេះ ពីអតីតកាលគ្រាន់តែជាកោះដីមួយធម្មតាប៉ុណ្ណោះ ដែលស្ថិតនៅកណ្តាលដងស្ទឹងពោធិសាត់ កាលពីមុនដើម្បីបានទៅដល់លើកោះនោះ សាលាខេត្តបានធ្វើស្ពានឈើចេញពីសាលាខេត្តឆ្ពោះទៅដីកោះនោះ ។
ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ កោះសំពៅមាសត្រូវបានកសាង និង អភិវឌ្ឍដោយឯកឧត្តម ស៊ុយ សែម ដែលមានរចនាសម្ព័ន្ធជាច្រើននៅលើកោះយ៉ាងស្រស់ត្រកាល នៅបរិវេណកោះនេះទាំងមូលត្រូវបានសាងសង់ឱ្យដូចជាសំពៅយ៉ាងធំមួយពេញលើកោះ មានពណ៌មាសកំពង់ត្រាច់ចរ នៅតាមដងស្ទឹងពោធិសាត់ ដែលរំលេចដោយពន្លឺភ្លើងព៌ណ យ៉ាងចិញ្ចាចចិញ្ចែង ។
លោក សំ ឃីម ប្រធានមន្ទីរទេសចរណ៍ ខេត្តពោធិសាត់បានឱ្យដឹងថា កាលពីមុនកោះសំពៅមាសមានសភាពស្ងប់ស្ងាត់បន្តិច ប៉ុន្តែពេលនេះ កោះសំពៅមាស មានសភាពអ៊ូរអរណាស់មិនចាញ់ទីប្រជុំជនធំៗឡើយ ។ នៅទីនោះបានក្លាយទៅជាសួនច្បារ ដ៏សំខាន់មួយរបស់ខេត្ត ពិសេសនៅពេលព្រឹក និង នៅពេលល្ងាច នៅលើកោះសំពៅមាសបានក្លាយជាទីកន្លែងសម្រាកលំហែកាយ និង ជាកន្លែងហាត់ប្រាណដ៏ពេញនិយមនៅក្នុងក្រុងពោធិសាត់ទាំងមូល ។
ទោះបីជាកោះសំពៅមាសមានឈ្មោះបោះសំឡេងតាំងពីយូរយាណាស់មកហើយក៏ដោយ ក៏កោះនេះនៅតែមិនទាន់ដឹងពីប្រវត្តច្បាស់ ពីកោះសំពៅមាសនេះនៅឡើយ។
ពីមួយថ្ងៃទៅមួយថ្ងៃកោះសំពៅមាស កាន់តែមានភ្ញៀវទេសចរចូលមកសម្រាកលំហែកាយ និង អ្នកចូលមកហាត់ប្រាណកាន់តែច្រើនឡើងៗដែលធ្វើឱ្យទីនោះក្លាយទៅជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយដ៏សំខាន់ និង ពេញនិយមនៅក្នុងទឹកដីនៃខេត្តពោធិសាតនេះ ។ ក្រៅពីការកម្សាន្ត នៅកោះសំពៅមាសនោះ នៅក្រុងពោធិសាត់មានសួនច្បារ និង កន្លែងកម្សាន្តជាច្រើនទៀត នៅតាមមាត់ស្ទឹងពោធិសាត់ ដូចជាសួនច្បារ ទល់មុខសារមន្ទីរ សួនច្បារនៅមុខសាលាខេត្តជាដើម ៕
ដោយ៖សុថាត់