សហគមន៍ទេសចរណ៍ធម្មជាតិកំពង់សាមគ្គី មានទេសភាពស្រស់ស្អាតប្លែក
កំពង់សាមគ្គី គឺជាសហគមន៍ទេសចរណ៍ធម្មជាតិមួយ នៅលើទឹកដីខេត្តកំពត ដែលសំបូរទៅដោយធនធានធម្មជាតិ ព្រៃកោងកាង និង ជលផលនេសាទសមុទ្រ ដែលជាក្តីប្រាថ្នារបស់អ្នកទេសចរទាំងឡាយ ដែលនិយមទេសចរធម្មជាតិ និង ភ្លក់រស់ជាតិម្ហូបសមុទ្រស្រស់ៗ ។
សហគមន៍ទេសចរណ៍ធម្មជាតិកំពង់សាមគ្គី មានទីតាំងស្ថិតនៅក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ។ បើចង់ទៅទស្សនានៅសហគមន៍ទេសចរណ៍ធម្មជាតិ កំពង់សាមគ្គី លោក អ្នកគ្រាន់តែចេញ ពីទីរួមខេត្តកំពត តាមផ្លូវទៅបូកគោហួសតែប៉ុន្មានគីឡូម៉ែត្រ នឹងបានដល់ សហគមន៍នេះជាមិនខានឡើយ ។
នៅទីនោះ មានព្រៃកោងកាងរាប់រយហិកតា ត្រូវបានសហគមន៍អភិរក្ស និង មានការដាំដុះឡើងវិញដើម្បីចូលរួមការពារបរិស្ថាន ដើម្បីជម្រកមច្ឆាសមុទ្រ និង ដើម្បីទុកស្វាគមន៍ ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅទីនោះ ។
នៅក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ភ្ញៀវទេសចរ អាចជិះទូកកម្សាន្ត មើលព្រៃកោងកាង ដោយមានការរៀបចំដោយសហគមន៍ អាចទស្សនាការនេសាទសមុទ្រ តាមបែបគ្រួសារ ហើយភ្ញៀវទេសចរ ក៏អាចភ្លក់រសជាតិត្រីបង្គា ក្តាម សមុទ្រស្រស់ៗ យ៉ាងឆ្ងាញ់ពិសា ដែលមិនអាចបំភ្លេចបាន ៕
ដោយ៖សុថាត់