ចាំយាមឆ្នេរទេសចរណ៍ ដ៏ទាក់ទាញនៅខេត្តកោះកុង
ចាំយាមជារមណីយដ្ឋានឆ្នេរខ្សាច់ធម្មជាតិ ត្រូវបានកែច្នៃឱ្យកាន់តែល្អប្រសើរឡើងជាលំដាប់ រមណីយដ្ឋាននេះនៅជាប់ព្រំដែនកម្ពុជា-ថៃ កំពង់តែទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅដល់តំបន់មាត់សមុទ្រមួយនេះ ។
ឆ្នេរខ្សាច់ចាំយាមស្ថិតនៅក្នុងទឹកដី ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង មានចម្ងាយជាង ១០ គីឡូម៉ែត ពីទីក្រុងខេមរភូមិន ជាប់នឹងព្រំដែនថៃ ឆ្នេរនេះត្រូវបានធ្វើការអភិវឌ្ឍន៍តាំងពីឆ្នាំ ១៩៩៧ មកម្ល៉េះ ។
ក្រោយពីធ្វើការអភិវឌ្ឈន៍ទាំងផ្លូវថ្នល់ និង សួនឧទ្យានានា សម្រស់ឆ្នេរខ្សាច់ចាំយាមបានកែប្រែមុខមាត់ថ្មី ធ្វើឱ្យភ្ញៀវទេសចរទៅកំសាន្តយ៉ាងច្រើនកុះករ ហើយបានក្លាយជារមណីយដ្ឋានដ៏ពេញនិយមពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិផងដែរ ៕
ដោយ៖ សុថាត់