រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ នៅតែមានប្រជាប្រិយភាព
ក្រៅពីការទៅកំម្សាន្ត ឋានសួគ៌បូកគោ និង ទឹកឈូ រមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ក៏ជាគោលដៅទេសចរណ៍កំពុងមានប្រជាប្រិយមួយទៀតនៅខេត្តកំពត ។ រមណីយដ្ឋានធម្មជាតិមួយនេះបង្កើតឡើងកាលអំឡុង ឆ្នាំ ២០១៥ ដោយលោក ញឹម វណ្ណដា ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និង ទេសភាពជួរភ្នំដ៏គួរឱ្យទាក់ទាញ បានធ្វើឱ្យទីនោះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។
ដើម្បីធ្វើដំណើរទៅរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ លោកអ្នកគ្រាន់តែចេញពី ខេត្តកំពត តាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូ អ្នកនឹងចំណាយពេលប្រហែលជា ៣០ នាទី ទៅហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រ អ្នកនឹងបានឃើញផ្លូវបត់ចូលរមណីយដ្ឋាន ទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែលពី ១៥ ទៅ ២០ នាទីទៀត ទើបដល់ ។
តាំងពីផ្លូវចូលលោកអ្នកនឹងឮសំឡេងទឹកហូរតាមប្រឡាយក្បែរផ្លូវឥតដាច់ ដែលនាំអារម្មណ៍លោកអ្នកឱ្យនឹកដល់ទឹកធ្លាក់ ដែលគួរឱ្យចង់ទៅលេង តាំងតែពីច្រកចូលរួចជាស្រេចទៅហើយ ។
នៅទីនោះ លោកអ្នកនឹងឃើញស្លាកសញ្ញាបង្ហាញទិសដៅពីរគឺទី ១ ទឹកធ្លាក់ថ្មតាដាសច្ចំ និង ទឹកផុសតាដារូងចន្ទ ។ សម្រាប់ទឹកផុសតាដារូងចន្ទទេសចរអាចបើករថយន្តឡើងដល់កន្លែងងូតទឹក និង អង្គុយលេងបានដែរ ។ ទឹកផុសរូងតាចន្ទមិនសូវជាធំប៉ុន្មាននោះទេ តែអាចឱ្យមនុស្សខ្ទង់ពី ៥០ ទៅ ៦០ នាក់ងូតទឹកដ៏ត្រជាក់ឆ្លុះដល់បាតយ៉ាងរីករាយក្នុងពេលដំណាលគ្នា ហើយនៅលើនោះមានក្យុសមួយចំនួនសម្រាប់អ្នកទៅលេងជាលក្ខណៈក្រុម ឬ គ្រួសារជួលសម្រាកកម្សាន្តបាន ។
ឯទឹកធ្លាក់តាដាសច្ចំវិញ អាចធ្វើឱ្យលោកអ្នកនឿយហត់ក្នុងការឡើងទៅកម្សាន្តបន្តិច ព្រោះមានចម្ងាយឆ្ងាយជាង និង ចោតជាង ហើយមានមធ្យោបាយតែមួយសម្រាប់ឡើងទៅទីនោះគឺថ្មើរជើង ។ប៉ុន្តែ ពេលទៅដល់លោកអ្នកនឹងមានអារម្មណ៍ស្រស់ស្រាយ ដោយសារចំហាយទឹកធ្លាក់ដ៏ត្រជាក់ដូចទឹកកក កន្លែងអង្គុយលេង និង ការគយគន់ទេសភាពពីកំពូលភ្នំ ដ៏ស្រស់ត្រកាល អាចថតរូប ដេកលេង ឬ ចុះងូតទឹកលេងយ៉ាងត្រជាក់ដល់បេះដូង ៕
ដោយ៖សុថាត់