បើបានទៅងូតទឹកស្ទឹងខ្ពបត្របែកលេង មិនដឹងជាសប្បាយយ៉ាងណានោះទេ !
ស្ទឹងខ្ពបត្របែកកើតចេញពីប្រជាពលរដ្ឋជាអ្នកជីក ក្រោមការបង្ខិតបង្ខំពីពួកប៉ុលពត ក្នុងយុគសម័យដ៏ខ្មៅងងឹតនោះប្រជាពលរដ្ឋជាច្រើនត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ នៅពេលសាងសង់ទំនប់នេះ ។ បច្ចុប្បន្ននេះស្ទឹង និង ទំនប់ដែលកើតចាញពីសមុទ្រឈាមរបស់ប្រជាពលរដ្ឋបានប្រែក្លាយទៅជា រមណីយដ្ឋានដ៏ស្រស់បំព្រងមានធម្មជាតិព្រៃភ្នំ និង ផ្ទៃទឹកល្ហល្ហេវ ជាទីមនោរម្យមិនដូចកាលពីជាង៤០ឆ្នាំមុននោះឡើយ ។
មិនត្រឹមតែប៉ុណ្ណោះ ស្ទឹងនេះបានក្លាយទៅជារមណីយដ្ឋានមួយដ៏ប្រណិត ហើយទាក់ទាញ និង មានកំណើនភ្ញៀវទេសចរជិតឆ្ងាយមកទស្សនាកម្សាន្តកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ ។
ស្ទឹងខ្ពបត្របែក ស្ថិតនៅក្នុង ភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានវិសាលភាពធំធេង ដែលមានទីតាំងស្ថិតនៅក្នុងទឹកដីខេត្តកំពតមួយប៉ែក និង មួយប៉ែកទៀតស្ថិតនៅក្នុងទឹកដីតាកែវ ហើយតែងតែទទួលទឹកពីស្ទឹងភេ រួចបន្តចែកចាយហូរចាក់ទៅកាន់ស្ទឹងស្លាគូ ប្រឡាយត្នោតជុំ និង មួយចំណែកស្រោចស្រពលើផ្ទៃដីកសិកម្ម ។ នៅរដូវវស្សាទឹកឡើងពេញព្រៀប ហើយនៅរដូវប្រាំងវិញ នៅពាក់កណ្តាលប៉ែកខាងកើតត្រូវបានក្លាយទៅជាដីគោក នៅសល់តែប៉ែកខាងលិចតែប៉ុណ្ណោះ ។
ទោះបីជាយ៉ាងណា នៅសងខាងក្បែរមាត់ច្រាំង គេអាចធ្វើស្រែចំការបាន ដោយទទួលទិន្នផលខ្ពស់ ហើយមិនត្រឹមតែបម្រើឱ្យវិស័យទេសចរណ៍មួយមុខនោះទេ គឺវាបានផ្តល់កក្តានុពលខាងផ្នែកកសិកម្មផងដែរ ។ សព្វថ្ងៃនេះ ប្រជាពលរដ្ឋកំពុងតែទាញផលប្រយោជន៍ជាច្រើន ពីស្ទឹង ឬ ប្រឡាយនេះ តែយើងក៏គួរតែដឹងថា ទម្រាំតែកើតបានទៅជាស្ទឹងនេះមួយ មានមនុស្សស្លូតត្រង់ជាច្រើននាក់ត្រូវបានរបបដ៏ខ្មៅងងឹតនោះ សម្លាប់ចោល ។
បច្ចុប្បន្ននេះ ទីកន្លែងដែលភ្ញៀវទេសចរចាប់អារម្មណ៍ និង នាំគ្នាមកលេងច្រើនជាងគេ មានតែត្រង់ចំណុចស្ពានថ្មមួយ នៅជាប់នឹង ភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។ ប្រហែលជាដប់ឆ្នាំហើយ ដែលស្ទឹងខ្ពបត្របែកស្ថិតក្នុងក្រសែភ្នែកភ្ញៀវទេរសចរ តែមានមនុស្សម្នាតិចតួចណាស់ទៅលេងនៅទីនោះ ។
លុះមកដល់ឆ្នាំ២០១៣ គេសង្កេតឃើញមានកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅទីនោះកាន់តែច្រើនជាងបណ្តាឆ្នាំមុនៗ ។ ផែនទីភូមិសាស្ត្រស្ទឹងខ្ពបត្របែក នៅប៉ែកខាងត្បូងជាប់នឹងដីស្រែ និង ដីចំការរាប់ហិកតា ដែលនៅក្បែរជើងភ្នំដ៏វែងអន្លាយ ប៉ែកខាងកើត ខាងជើង និង ខាងលិចវិញ ជាភូមិស្រុករបស់ប្រជាពលរដ្ឋ។ ផ្លូវទៅកាន់តំបន់នោះ មិនពិបាកក្នុងការធ្វើដំណើរដូចកាលពីមុននោះឡើយ ហើយប្រកបដោយសុវត្ថិភាពទៀផង ។
បើលោកអ្នកចង់ទៅកម្សាន្តនៅទីនោះ នៅពេលធ្វើដំណើរទៅដល់ទីប្រជុំជនផ្សារអង្គតាសោមហើយនោះ លោក អ្នកត្រូវបត់ទៅលិចតាមផ្លូវក្រាលកៅស៊ូមួយខ្សែ ប្រហែលជា ១៧ គីឡូម៉ែត្រប៉ុណ្ណោះនឹងដល់ទីនោះ ៕
ដោយ ៖សុថាត់