តោះ !នាំគ្នាទៅបោះតង់កម្សាន្តលេង នៅឧទ្យានជាតិឫស្សីត្រឹប
បច្ចុប្បន្ន ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ខេត្តព្រះវិហារ បានក្លាយទៅជា គោលដៅទេសចរ វប្បធម៌មួយដ៏ពេញនិយម ពីសំណាក់ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ហើយជាពិសេសេសទៅទៀតនោះ ទីនេះបានក្លាយទៅជាកន្លែងបោះតង់ដ៏ពេញនិយមរបស់ ក្រុមនិស្សិត ដែលទៅធ្វើកម្មសិក្សា និង ស្រាវជ្រាវ ពីវប្បធម៌ដ៏វ័យចំណាស់នៅទីនោះ ។
ឧទ្យានជាតិនេះមានផ្ទៃដីសរុបទំហំ ១១៤,៣៥ គីឡូម៉ែតការ៉េ មានទីតាំងស្ថិតនៅក្នុងឃុំឆែប១ និង ឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ បានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០១៤ ហើយមានតំបន់ជីវចម្រុះ និង មានសក្តានុពលជាច្រើន ដូចជា ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្ត្រ បុរាណវត្ថុ (ឡស្លដែកបុរាណ) ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបរិស្ថាន ព្រៃឈើ វប្បធម៌ ប្រវត្តិសាស្ត្រ និង ទេសចរណ៍ បានយ៉ាងប្រសើរ នាពេលបច្ចុប្បន្ននេះ ។
ជាក់ស្តែង កាលពី ថ្ងៃទី ១៤ -១៥ ខែកក្កដា ឆ្នាំ ២០១៨ ក្រុមនិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប (AEU) បានជ្រើសរើស សកម្មភាពបោះជុំរុំ ធ្វើកម្មសិក្សានៅទីនោះ ហើយបានចូលរួមសកម្មភាព ដាំកូនឈើ ការពាបរិស្ថាន និង សកម្មភាពជាច្រើនទៀត ព្រមទាំងបោះតងសម្រាកយ៉ាងសប្បាយរីរាយ ៕
ដោយ៖សុថាត់ (រូបថត ឧទ្យានឫស្សីត្រឹប និង Mao Sophat)