បើបានទៅងូតទឹកលេង នៅទឹកធ្លាក់ អូរដា មិនដឹងជាត្រជាក់ចិត្តយ៉ាងណាទេ !
អូរដាជាកន្លែងលម្ហែកាយដ៏ស្រស់បំព្រងមួយនៃតំបន់ជួរភ្នំក្រវាញ ដែលមានចម្ងាយផ្លូវប្រមាណជា ៥៥ គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ ។ អូរដា មានទីតាំងស្ថិតនៅជួរភ្នំអារ៉ៃក្នុងទឹកដីឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
អ្នកទេសចរដែលមានបំណងទៅកម្សាន្តនៅទីនោះគឺអាចធ្វើដំណើរបានតាមចង្កេះភ្នំមានរាងក្ងិចក្ងក់អមដោយទេសភាពព្រៃភ្នំលាយឡំនឹងដើមរុក្ខជាតិតូចធំលាស់ស្លឹកខៀវស្រងាត់ ដែលនេះគឺជាចំណីចក្ខុដ៏ទាក់ទាញ ។
អូរដាមានប្រភពទឹកធម្មជាតិហូរចាក់ធ្លាក់មកពីប្រជុំភ្នំក្រវាញ ដែលសភាពទឹកថ្លាដូចកញ្ចក់ហូរតាមដំណាក់ថ្មរាយប៉ាយតាមស្ទឹងលាតសន្ធឹងវែងអន្លាយ ។ ទោះបីនៅអូរដាមានសភាពផ្លូវពិបាកក្នុងការធ្វើ ដំណើរបន្តិចក៏ដោយ ក៏មិនមានអ្វីជាបញ្ហាដែរ សម្រាប់ការទៅលេងកម្សាន្តរបស់ភ្ញៀវទេសចរ ពីព្រោះសម្រស់ធម្មជាតិនៅតំបន់នោះបានញុំាងឱ្យការធ្វើដំណើររបស់លោកអ្នកបាត់អស់នូវការនឿយហត់ដោយប្រែ ត្រឡប់មកជាការសើចសប្បាយត្រជាក់កាយ ដោយការងូតទឹកស្ទឹងទៅវិញ។
អូរដា មានទេសភាពស្រស់បំព្រង និង អំណោយផលណាស់ដល់វិស័យទេសចរណ៍ ដោយយើងឃើញមានព្រៃឈើក្រាលគ្របក្រាស់ឃ្មឹកមានថ្មដុះតូចធំ និង ខ្សែទឹកហូរ ធ្វើឱ្យទេសភាពនៅ អូរដា ចោលសម្រស់ឆើតឆាយគួរជាទីគយគន់ ។
មានរឿងដំណាលមកថា អូរដា កាលដើមឡើយគេហៅថា ដាអារ៉ៃ ឬ ដាព្រះនាងឳរ៉ៃ ដែលមានរឿងព្រេងនិទានមួយ ទាក់ទងនឹងតំបន់រមណីយដ្ឋាននេះថែមទៀតផង ក៏ប៉ុន្តែទោះជាយ៉ាងណា អូរដា រហូតមកដល់ពេលនេះ នៅតែមានប្រជាប្រិយ មិនចាញ់តំបន់ទឹកធ្លាក់មួយចំនួនទៀត នៅលើទឹកដីខេត្តពោធិ៍សាត់នោះឡើយ ពីព្រោះអូរដា មានទេសភាពស្អាត និង ខ្យល់ជំនោរត្រជាក់បរិសុទ្ធណាស់ ជាពិសេសនៅដើមរដូវស្សា ៕
ដោយ៖ សុថាត់