មិននឹកស្មានថា រមណីយដ្ឋានទឹកធ្លាក់ជ្រៀវមានទេសភាពស្រស់ស្អាតបែបនេះសោះ !
អស់រយៈពេលជាងមួយឆ្នាំមកហើយ នៅតំបន់ទឹកធ្លាក់ជ្រៀវទទួលបានការគាំទ្រពីសំណាក់ភ្ញៀវទេសចរក្នុងស្រុក និង បរទេស ក៏ព្រោះតែនៅទីនោះមានទឹកធ្លាក់យ៉ាស្រស់ត្រកាល ។ មិនតែប៉ុណ្ណោះ នៅតំបន់នោះ គេបានដាំផ្កា ជាច្រើនប្រភេទរិតតែមានការទាក់ទាញថែមមួយកម្រិតទៀត ។
មុននឹងទៅដល់ទឹកធ្លាក់ជ្រៀវ ទេសចរបានឆ្លងកាត់ ចំការផ្កាចង្រងស្វារាប់ហិកតាតាមរដូវកាល រងចាំស្វាគមន៍ភ្ញៀវទេសចរ ហើយពេលទៅជិតដល់ និង បានឃើញសួនច្បារ ឈូករ័ត និង សួនផ្កាចំរុះពណ៌យ៉ាងស្រស់ស្អាត ។ ក្រោយពីចូលថតរូបតាមសួនផ្ការួចហើយ ភ្ញៀវទេសចរ ក៏បាននាំគ្នាទៅលេងកម្សាន្តយ៉ាងរីករាយជាមួយទឹកធ្លាក់ជ្រៀវ ។ ប៉ុន្តែមុនដំបូង អ្វីដែលភ្ញៀវទេសចរត្រូវដឹងនោះគឺនៅរដូវវស្សានេះ ពួកគាត់គួរតែប្រយ័ត្ន ចំពោះការលេងទឹក ព្រោះនៅរដូវវស្សានេះល្បឿនទឹកហូរខ្លាំង បើមិនប្រយ័ត្នអាចមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ ។
បើយើងធ្វើដំណើរពីភ្នំពេញទៅដល់ទឹកធ្លាក់ជ្រៀវដោយរថយន្តវនោះ ត្រូវចំណាយពេលប្រមាណជា២ម៉ោង លើចម្ងាយផ្លូវ១១០គីឡូម៉ែត្រ ដោយចេញពីវត្តភ្នំតាមផ្លូវជាតិលេខ ៥ ដល់ផ្សារឧត្តង្គ បត់ឆ្វេងរហូតដល់ផ្សារអមលាំង រួចបទស្តាំប្រហែល ៦ ឬ ៧ គីឡូម៉ែត្រនោះ យើងនឹងបានដល់ទឹកធ្លាក់ដោយគ្រាន់តែដើរដោយថ្មើជើងប្រមាណជា៥នាទីប៉ុណ្ណោះនឹងបានដល់ទឹកធ្លាក់ជ្រៀវដំណាក់ទីមួយ ។
ប៉ុន្តែបើធ្វើដំណើរមកពីខេត្តកំពង់ស្ពឺវិញគឺមានចម្ងាយផ្លូវជាង៨០គីឡូម៉ែត្រ ។ ចំពោះផ្លូវធ្វើដំណើរវិញគឺផ្លូវក្រាលគ្រោះក្រហមយ៉ាងល្អស្អាតអាចធ្វើដំណើរដោយរថយន្តតូចៗក៏បាន ឯបញ្ហាសន្តិសុខសម្រាប់ទេសចរវិញគឺមានលក្ខណល្អប្រសើរ។ទឹកធ្លាក់ជ្រៀវស្ថិតនៅចំណុចភ្នំខ្ជាយ ផ្នែកខាងជើងបំផុតនៃស្រុកថ្ពង ជាប់នឹងព្រំប្រទល់ខេត្តកំពង់ឆ្នាំង ដែលស្ថិតក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ៕
ដោយ៖សុថាត់