ទេសភាពនៅទំនប់៦មករា ស្រុកសន្ទុកមានការទាក់ទាញខ្លាំង
ចាប់តាំងពីប្រាសាទសំបូព្រៃគុក ត្រូវបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ខេត្តកំពង់ធំ បានក្លាយទៅជាគោលដៅទេសចរណ៍ដ៏សំខាន់ថ្មីមួយទៀត របស់ប្រទេកម្ពុជា ។ ដើម្បីបម្រើឱ្យវិស័យទេសចរឱ្យកាន់ប្រសើរឡើងអាជ្ញាធរខេត្តបានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបង្កើតជារមណីយដ្ឋានថ្មីៗថែមទៀត ចូលរួមបម្រើដល់វិស័យទេសចរណ៍ ។
ក្នុងនោះទំនប់៦មករា បានក្លាយទៅជាគោលដៅទេសចរថ្មី មួយទៀតរបស់ខេត្តកំពង់ធំ ដែលបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។ ទំនប់៦មករា ស្ថិតក្នុង ឃុំទីពោរ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលជាសំណង់ស្ទាក់ទឹកបម្រើឱ្យការស្រោចស្រប់វិស័យកសិកម្មរបស់ប្រជាពលរដ្ឋ ។
នៅបរិវេណទំនប់៦មករា គេឃើញមាន ខ្សែទឹកហូរទំលាក់ពីស្ទឹងចុះមកក្រោមតាមសំណង់ស្ទាក់ទឹកបង្កើតបានជាទេសភាពមួយយ៉ាងប្រណិត ដែលជាកន្លែងងូតទឹកលេងយ៉ាងសប្បាយរីករាយ នៅតាមជាយទំនប់មានសង់ជាតូបអង្គុយលម្ហែកាយថ្មីៗជាច្រើនដើម្បីទុកស្វាគមន៍ភ្ញៀវទេសចរដែលចូលមកម្សាន្ត និង ពិសារអាហារនៅទីនោះយ៉ាងសប្បាយរីករាយផងដែរ៕
ដោយ៖សុថាត់