ទៅដល់ខេត្តបាត់ដំបង កុំភ្លេចចូលទៅលេងចម្ការផ្កាស្បៃរឿង
នៅពេលនេះ ចម្ការផ្កាស្បៃរឿងកំពុងតែរីកយ៉ាងស្គុសស្គាយ រងចាំស្វាគមន៍ភ្ញៀវទេសចរ ពីតំបន់ជិត ឆ្ងាយ ដែលទៅកម្សាន្តនៅទីនោះ ពេលលោកអ្នកធ្វើដំណើរទៅដល់ស្រុកកំរៀង ខេត្តបាត់ដំបង គួរតែឈៀងចូលទៅទស្សនា និង ផ្តិតយករូបភាព ចម្ការផ្កាស្បៃរឿងនោះបន្តិច វាពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ ។
នៅជាយដែនខ្មែរ ថៃនៃ ភូមិអូរជ្រៃបង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ចម្ការផ្កាស្បៃរឿងនោះ ត្រូវបាន ប្រជាជនមួយគ្រួសារ ដាំវាសម្រាប់ធ្វើការនាំចេញទៅប្រទេសថៃ តែពេលនេះ វាកំពុងតែរីកយ៉ាងល្អរងចាំអ្នកដែលចូលទៅកម្សាន្តនៅទីនោះ មុននឹងម្ចាស់គេកាត់ផ្កាវាយកទៅលក់នៅប្រទេសថៃនោះ ។
បើតាមម្ចាស់គណនី facebook ឈ្មោះ សុជាតា ម៉ែន បានរៀបរាប់ថា គាត់បានដាំផ្កាស្បៃរឿងនេះចំនួន ៣០ ០០០ កូន នៅលើផ្ទៃដីកន្លះហិកតា រយៈពេល ១ត្រីមាស គាត់អាចកាត់យកផ្កាស្បៃរឿងទៅលក់នៅប្រទេសថៃបាន ៣ សែនបាត ។ គាត់បានបន្តថា ពេលនេះ ទោះបីជាគាត់ដាំផ្កាស្បៃរឿង ទុកសម្រាប់លក់ទៅប្រទេសថៃក្តី ក៏ចម្ការស្បៃរឿងរបស់គាត់ រងចាំស្វាគមន៍ចំពោះភ្ញៀវទេសចរគ្រប់ពេលដែរ ៕
ដោយ៖សុថាត់