មិននឹកស្មានថា សហគមន៍ទេសចរណ៍បន្ទាយស្រីមានភាពទាក់ទាញបែបនេះសោះ !
សហគមន៍ទេសចរណ៍បន្ទាយស្រី គឺជារមណីយដ្ឋានធម្មជាតិមួយ ដែលបង្កើតឡើងដើម្បីឱ្យភ្ញៀវទេសចរ មានភាពប្លែកអារម្មណ៍ ក្រោយពីការទស្សនាប្រាសាទបុរាណរួចហើយ បែរមកទស្សនា ធម្មជាតិវិញម្តង ។
សហគមន៍ទេសចរណ៍បន្ទាយស្រីមានទីតាំងនៅខាងជើងជាប់ប្រាសាទបន្ទាយស្រី នៅទីនោះភ្ញៀវទេសចរភាគច្រើន គឺច្រើនតែមើលរំលង មិនសូវបានទៅដល់ទីនោះឡើយ ។ ប៉ុន្តែបើបានទៅដល់ហើយ ភ្ញៀវទេសចរទាំងឡាយនឹងមានអារម្មណ៍ស្រស់ស្រាយជាមួយទេសភាពបែបធម្មជាតិ និង ជីវភាពរស់នៅបែបស្រុកស្រែចម្ការរបស់ប្រជាពលរដ្ឋនៅទីនោះ ។
លោក សំ កុសល មន្ត្រីនាយកដ្ឋានរៀបចំដែនដី និង គ្រប់គ្រងលំនៅដ្ឋានក្នុងឧទ្យានអង្គរ បានឱ្យដឹងថា សហគមន៍បន្ទាយស្រីបានបង្កើតឡើងនៅឆ្នាំ ២០១៣ គម្រោងនេះបង្កើតឡើងដើម្បីបង្កើនចំណូលបន្ថែមលើមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ ហើយចង់ឃើញប្រជាពលរដ្ឋចំនួនពីរភូមិ ដែលរស់នៅក្នុងតំបន់នោះ មានការរីកចម្រើនតាមរយៈសហគមន៍នេះ ដែលស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរាក្នុងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋឱ្យល្អប្រសើរ ។
ក្រៅពីទាញប្រយោជន៍ពីសហគមន៍នេះ អាជ្ញាធរជាតិអប្សរា និង សហគមន៍ ក៏បានរួមគ្នាអភិរក្ស ថែរក្សាជីវចម្រុះ មានត្រី សត្វស្លាប សត្វក្នុងទឹក រុក្ខជាតិ នៅក្នុងត្រពាំងបុរាណនេះមិនឱ្យមានការបាត់បង់ ឬ ទទួលរងនូវការបំផ្លាញឡើយ ។ មិនតែប៉ុណ្ណោះ ក្រៅពីសមាជិកទាំង៣៥នាក់ ប្រជាពលរដ្ឋចំនួនពីរភូមិនេះ ក៏ទទួលបានផលពីសហគមន៍ដោយប្រយោលផងដែរ តាមរយៈការផលិត សិប្បកម្មលក់ និង ដាំដុះបន្លែបង្ការសម្រាប់ផ្គត់ផ្គង់សហគមន៍ និង លក់ជូនភ្ញៀវទេសចរ ។
លោក ស៊ាម សារឿន ប្រធានសហគមន៍បន្ទាយស្រី ក៏បានឱ្យដឹងដែរថា នៅទីនេះមានសេវាកម្មជិះទូកដែលពេញនិយមជាងគេ ជិះរទេះគោ ស្ទួចត្រី ស្ទូងស្រូវ ច្រូតស្រូវ និង ការរៀបចំអាហារសាមគ្គីជាដើម ។
នៅសហគមន៍ទេសចរណ៍បន្ទាយស្រី អាជ្ញាធរជាតិអប្សរាបានសហការជាមួយគម្រោង ACHA របស់ប្រទេសញូវហ្សឺឡែន បានអភិរក្ស និង កែច្នៃត្រពាំងបុរាណឈ្មោះ «ស្រែព្រៃ» នៅក្នុងសហគមន៍នេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ស័ក្តិសមបំផុត សម្រាប់អ្នកស្រឡាញ់ធម្មជាតិ មានខ្យល់អាកាសបរិសុទ្ធ ស្ងប់ស្ងាត់ និង មានម្ហូបអាហាររបៀបអ្នកស្រុក និង សកម្មភាពប្រពៃណីរបស់អ្នកស្រុកនេះទៀតផង ៕
ដោយ៖សុថាត់(អាជ្ញាធរជាតិអប្បរា)