ទេសចរជាប់ចិត្តជាមួយសត្វជ្រឹងនៅលើដើមឈើក្បែរព្រះអង្គចេក ព្រះអង្គចម
ក្រៅពីប្រាសាទបុរាណរាប់ពាន់ ដែលមានការទាក់ទាញភ្ញៀវទេសចរនោះ សត្វជ្រឹងនៅព្រះអង្គចេកព្រះអង្គចម ក៏កំពុងទាក់ទាញភ្ញៀវទេសចរខ្លាំងណាស់ដែរ នៅខេត្តសៀមរាប ។
ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ដែលបានទៅទស្សនានៅខេត្តសៀមរាប ក្រៅពីបានទៅប្រាសាទបុរាណ និង រមណីយ៍ដ្ឋាននានា នៅក្នុងខេត្តសៀមរាប ពួកគេតែងតែនាំគ្នាទៅទស្សនាសត្វជ្រឹងនៅទីនេះជានិច្ច ។
ឱ្យតែដល់ពេលរសៀលចូលមកដល់ គេបានឃើញ ភ្ញៀវទេសចរបរទេសយ៉ាងច្រើនបាននាំគ្នាទៅទស្សនាសត្វជ្រឹងតោងដើមឈើនានា នៅម្តុំបរិវេណព្រះអង្គចេក ព្រះអង្គចាម ។ ការទស្សនាសត្វជ្រឹងនៅទីនោះភ្ញៀវទេសចរអាចទស្សនា ចាប់ពីម៉ោ៧ព្រឹករហូតដល់ម៉ោង ៥ ល្ងាច ទើបចត្វជ្រឹង វានាំគ្នាហើរចេញរកចំណី ។
លោក សូ ប្លាតុង អភិបាលក្រុងសៀមរាបបានឱ្យដឹងថា ក្នុងមួយថ្ងៃៗមានភ្ញៀវទេសចររាប់រយនាក់បានមកទស្សនា សត្វជ្រឹងរស់នៅតាមដើមឈើនៅក្នុងតំបន់ព្រះអង្គចេក ព្រះអង្គចមរបស់សត្វជ្រឹង នេះ គឺជាប្រភេទកម្រ និង មិនមានប្រទេសណា មានច្រើនទៀតឡើយ ។
ដើម្បីឱ្យសត្វជ្រឹងរស់នៅទីនេះបាន អាជ្ញាធរក្រុងបានដាក់វិធានការការពារ និង អភិរក្សយ៉ាងតឹងរ៉ឹង ដាក់សមត្ថកិច្ចឈរជើងការពារមិនឱ្យជនខិលខូចលួចចាប់ ឬ បាញ់សម្លាប់បាននោះទេ ព្រមទាំងហាមមិនឱ្យលេងតន្រ្តី ដែលមានសំឡេងលឺខ្លំាង នៅក្នុងតំបន់នេះទេ ព្រោះអាចធ្វើឱ្យសត្វជ្រឹងនេះផ្អើល ៕
ដោយ៖សុថាត់