ទំនប់ម្កាក់កំពុងក្លាយជារមណីយដ្ឋានទេសចរណ៍ ដ៏ទាក់ទាញនៅខេត្តសៀមរាប
ប្រព័ន្ធស្រោចស្រព ស្ទឹងជីក្រែង ទំនប់ម្កាក់ ស្ថិតក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប បច្ចុប្បន្ន បានក្លាយទៅជារមណីយដ្ឋានដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប ក្រោយពីរាជរដ្ឋាភិបាល ដាក់ឱ្យដំណើរការ កាលពីឆ្នាំកន្លងទៅ ។
ប្រព័ន្ធស្រោចស្រពស្ទឺងជីក្រែង ត្រូវបានបើកការដ្ឋានសាងសង់ឡើងនៅក្នុងឆ្នាំ២០១៥ ហើយបញ្ចប់ការសាងសង់នៅពាក់កណ្តាល ឆ្នាំ ២០១៧ ដែលអាចស្រោចស្រពដីកសិកម្មជាង ២ ម៉ឺនហិកតា នៅក្នុងស្រុកជីក្រែង ។ បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រ មួយនេះ បានក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដ៏ពេញនិយមមួយ ក្នុងទឹកដីខេត្តសៀមរាប ដោយបានស្រូបយកភ្ញៀវទេសចរណ៍ប្រមាណជា ៧ ម៉ឺននាក់ក្នុងមូយឆ្នាំៗ គិតចាប់តាំង ឆ្នាំ ២០១៦ មក ។
បច្ចុប្បន្នប្រព័ន្ធស្រោចស្រព ទំនប់ម្កាក់ ស្ទឹងជីក្រែង កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទឹកសម្រាប់ស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ១៨ ២០០ ហិកតា និង ស្រូវប្រាំង ចំនួន ៣.២០០ ហិកតា និង បំរើឱ្យវិស័យទេសចរណ៍យ៉ាងខ្លាំងក្លាផងដែរ ៕
ដោយ៖សុថាត់