ទឹកធ្លាក់ចក្រវិល លើភ្នំត្បែងមានទេសភាពស្អាតខ្លាំង !
តំបន់ ភ្នំត្បែង ខេត្តព្រះវិហារ ពិតជាមានធនធានធម្មជាតិ ដ៏ស្រស់អស្ចារ្យ ដែលភ្ញៀវទេសចរទាំងឡាយកម្របានឃើញណាស់ ហើយអាជ្ញាធរខេត្ត និង ស្ថាប័នពាក់ព័ន្ធមួយចំនួនបានប្រែក្លាយទីនោះ ឱ្យទៅជាតំបន់ទេសចរណ៍ ដ៏ពេញនិយមមួយ ដែលជាឋានសួគ៌របស់ភ្ញៀវទេសចរ ក្នុងនោះ ទឹកធ្លាក់ចក្រវិល ក៏ជាចំណុចទាក់ទាញបំផុត ដែលគេមិនអាចមើលរំលងបានឡើយ ។
ទឹកធ្លាក់ចក្រវិល ជាកន្លែងដ៏ស្រស់បំព្រង ទឹកថ្លាឆ្វង់មើលឃើញដល់បាតដី ឃើញត្រីភ្នំហែលឆ្វាត់ឆ្វែង ទឹកហូរធ្លាក់ពីស្ទឹងមួយនៅខាងលើ មានជម្រៅត្រឹមចង្កេះ ធ្វើឱ្យភ្ញៀវទេសចរងាយស្រួលក្នុងការងូតលេងកម្សាន្តយ៉ាងសប្បាយរីករាយ ។ ក្រៅពីនេះនៅមានទឹកជ្រោះជាច្រើនរាប់មិនអស់ នៅក្បែរៗគ្នា សុទ្ធតែមានសម្រស់ទាក់ទាញមិនចាញ់គ្នាឡើយ ។
ដើម្បីទៅដល់ ទឹកធ្លាក់ចក្រវិល លោកអ្នកធ្វើដំណើរតាមផ្លូវលេខ ៦៤ ចេញពីទីរួមខេត្តព្រះវិហារ ប្រមាណជាង ១០ គីឡូម៉ែត្រ នឹងទៅដល់ ភូមិឈានមុខ ក្នុងឃុំអភិវឌ្ឍ មានអ្នកស្រុករស់នៅក្បែរជើងភ្នំ ដែលយើងអាចផ្ញើឡាន ផ្ញើម៉ូតូបាន។ អ្នកភូមិឈានមុខ ស្រុកត្បែងមានជ័យ គឺមានអ្នកនាំផ្លូវ ដោយគ្រាន់តែចំណាយថវិកាតែ ១០ ដុល្លារ ប៉ុណ្ណោះ ។
ហើយអ្វីដែលភ្ញៀវទេសចរមិនអាចភ្លេចបាននោះ នៅពេលទៅទស្សនាទឹកធ្លាក់ចក្រវិល នោះ គឺត្រូវតែយកអាហារទៅតាមខ្លួន ព្រោះនៅទីនោះកណ្តាលព្រៃធម្មជាតិគ្មានអ្នកលក់អាហារឡើយ ៕
ដោយ៖សុថាត់( រូបថតៈពនេចរថតរូប – Cambodia Wandering Photography)