ការទស្សនាសត្វទោចថ្ពាល់លឿងកំពុងពេញនិយមនៅស្រុកសៀមប៉ាង
ទេសចរណ៍សត្វទោចថ្ពាល់លឿង ជាអេកូទេសចរណ៍ថ្មីមួយទៀត ដែលមាននៅក្នុង ប្រទេសកម្ពុជាដែលកំពុងមានការទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងខ្លាំង ឱ្យធ្វើដំណើរមកប្រទេសកម្ពុជាដើម្បីទស្សនាសត្វទោចរស់នៅក្នុងព្រៃបានយ៉ាងជិត និង កាន់តែច្បាស់នៅតំបន់ឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី។
ទេសចរណ៍សត្វទោចនេះ ជាគម្រោងមួយសម្រាប់ទាក់ទាញទេសចរក្នុងការរកប្រាក់ចំណូលរបស់សហគមន៍មូលដ្ឋាន ដែលកន្លងមកពួកគាត់នាំគ្នា បរបាញ់សត្វ កាប់ព្រៃឈើ ហើយបានប្រែក្លាយពួកគាត់ឱ្យក្លាយទៅជាអ្នកអភិរក្សព្រៃឈើ សត្វព្រៃ និង ជាអ្នកនាំភ្ញៀវទេសចរវិញ ។
ការរៀបចំបង្កើតអេកូទេសចរណ៍នេះឡើង គឺក្រោមជំនួយរបស់អង្គការ CI ទាំងបច្ចេកទេស និង ថវិកា ហើយសហគមន៍ជាអ្នក រៀបចំ និង ផ្តល់សេវាកម្មទេសចរណ៍ ដោយពួកគាត់បានទទួលផលពីវិស័យទេសចរណ៍ ហើយពួកគាត់គិតថា ធនធានធម្មជាតិមានសារៈសំខាន់ណាស់ សម្រាប់ពួកគាត់ដែលអាចទទួលបានផលប្រយោជន៍យូរ អង្វែងពីវិស័យនេះ។
ការទស្សនា សត្វទោចថ្ពាល់លឿងនេះ ភ្ញៀវទេសចរត្រូវក្រោកពីដេកនាព្រលឹមស្រាងៗ ទើបបានឃើញវាប្រលែងគ្នាលេងយ៉ាងសប្បាយរីករាយ។ សត្វទោចថ្ពាល់ លឿងវាមានដៃ ជើងវែងៗ និង រោមរួញៗ វាយំហើយយោលខ្លួនពីមែកឈើមួយទៅ មែកឈើមួយ។ ពីមុនគេកម្របានឃើញសត្វទោចថ្ពាល់លឿងនេះណាស់ តែឥឡូវនេះគម្រោងអភិរក្សសត្វទោចថ្ពាល់លឿងផ្តល់ឧិកាសឱ្យអ្នកទេសចរពី២ទៅ៦នាក់ចូលទៅយ៉ាងជិតកន្លែងរស់នៅរបស់វា ។
សត្វទោចថ្ពាល់លឿងនេះស្ទើរតែផុតពូជទៅហើយ វាមាននៅកម្ពុជា និង មាននៅតិចតួចនៅប្រទេសឡាវ និង ប្រទេសវៀតណាម សត្វទោចថ្ពាលលឿងទាំងនេះអាចជាក្រុមចុងក្រោយ ដែលនៅសេសសល់លើភពផែនដីសត្វទោចញីមានពណ៌ លឿង និង សត្វទោចឈ្មោលមានពណ៌ ខ្មៅ ៕
ដោយ៖សុថាត់